(សៀមរាប)៖ ថ្លែងចេញពីទីក្រុងសៀមរាប លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ញើតាមរយៈ Fresh News សូមអរគុណចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ ដែលជួយសង្គ្រោះភ្ញៀវទេសចរជនជាតិបារាំង ដែលបានវង្វេងផ្លូវនៅក្នុងព្រៃអស់មួយថ្ងៃមួយយប់។ លោក ថោង ខុន បានហៅថា ការជួយសហការគ្នា យ៉ាងល្អរវាងកម្លាំងនគរបាល, កម្លាំងអាវុធហត្ថ, កម្លាំងយោធាប្រតិបត្តិការសឹងរង, អាជ្ញាធរអប្សរា, គ្រឹះស្ថានអង្គរ, រដ្ឋបាលព្រៃឈើ, មន្ត្រីបរិស្ថាន និងមន្ត្រីសុខាភិបាល ព្រមទាំងប្រជាពលរដ្ឋ បានបង្ហាញពីការយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ដើម្បីការពារភ្ញៀវទេសចរ ដែលមកកំសាន្តនៅកម្ពុជា។
លោក ថោង ខុន បានថ្លែងបញ្ជាក់ថា នេះជាកាយវិការមួយ ដែលបង្ហាញទៅកាន់អន្តរជាតិថា កម្ពុជាជាប្រទេសដែលបានគិតគូរ និងការពារភ្ញៀវទេសចរមកកម្ពុជា ហើយនេះជាចំណុចមួយ ស្ថិតនៅក្នុងការទាក់ទងភ្ញៀវទេសចរមកកាន់កម្ពុជា ដែលនេះជាអភិបាលកិច្ចល្អរបស់កម្ពុជា។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា ភ្ញៀវបរទេសជនជាតិបារាំង ក៏បានសម្តែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់។
ការថ្លែងអំណរគុណរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបានជួយសង្គ្រោះភ្ញៀវទេសចរជនជាតិបារាំង៤នាក់ និងមគ្គុទេសទេសចរណ៍ម្នាក់ ត្រូវបានក្រុមការងារមានកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានចូលរួមជួយសង្គ្រោះ ចេញពីតំបន់ព្រៃភ្នំ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រាប់អង្គភាព Fresh News ថា អ្នកទេសចរជនជាតិបារាំងទាំង៤រូប ដែលបានវង្វេងក្នុងព្រៃអស់មួយថ្ងៃ មួយយប់នោះ នៅម៉ោង១៤៖០០ ថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ ត្រូវបានដឹកបញ្ជូនតាមឧទ្ធម្ភាគចក្រ យកទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីបានជួយសង្រ្គោះចេញពីក្នុងព្រៃនាម៉ោងប្រមាណ១៣៖៣០នាទី ហើយបាននាំទៅបរិភោគអាហារផងដែរ។
លោក ឃឹម ប៊ុនសុង បានឲ្យដឹងដែរថា ក្រោយពេលយកចេញពីព្រៃភ្ញៀវទេសចរជនជាតិបារាំងទាំង៤នាក់ ត្រូវបានផ្តល់អាហារ និងទឹកឲ្យបរិភោគភ្លាមៗ។ បើតាមលោក ឃឹម ប៊ុនសុង សុខភាពរបស់ភ្ញៀវទេសចរជនជាតិបារាំងទាំងនោះ មិនសភាពធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែមានការថមថយកម្លាំងខ្លះ ដោយសារតែការអត់អាហារ ពេញមួយយប់ ហើយការយកទៅពិនិត្យសុខភាពនេះ គឺដើម្បីពិនិត្យសុខភាព និងចាក់ថ្នាំខ្លះជួយឲ្យសុខភាព និងកម្លាំងរបស់ពួកគេបានវិលមករកភាពប្រក្រតីឡើងវិញ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរជនជាតិបារាំង ៤រូប រួមនិងមគ្គុទេសទេសចរណ៍ម្នាក់ផងដែរ បានវង្វេងនៅក្នុងព្រៃពេលពួកគេទៅកម្សាន្តនៅ រមណីដ្ឋានក្បាលស្ពាន កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ម្សិលមិញ៕