(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងផង បានជួបសំណេះសំណាលជាមួយអតីតមន្រ្តីរាជការធ្លាប់បានបម្រើការងារក្រោមឱវាទក្រសួងសរុប៣០៦នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៃទីស្តីការក្រសួងអធិការកិច្ច នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
គោលបំណងនៃពិធីសំណេះសំណាលនេះ គឺដើម្បីជាឱកាសជួបជុំគ្នារវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាមួយនិវត្តជនដែលជាសក្ខីភាពនៃការផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជុំវិញមហាគ្រួសារមន្រ្តីរាជការអធិការកិច្ច ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដើម្បីថែរក្សាទំនាក់ទំនង ការផ្ដាំផ្ញើសាកសួរសុខទុក្ខគ្នាទៅវិញទៅមក សំដៅរឹតចំណងមិត្តភាព សាមគ្គីភាពរវាងមន្រ្តីរាជការជំនាន់មុន និងមន្រ្តីរាជការបច្ចុប្បន្នប្រកបដោយក្តីនឹករលឹក ភាពកក់ក្តៅក៏ដូចជាការគិតគូរដល់អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ជាច្រើនក្នុងការបម្រើការងារជូនក្រសួងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនាពេលកន្លងមកផង។ គោលបំណងមួយទៀត គឺប្រធានបទ នំខ្មែរថែសន្តិភាព ជាការចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ។
លោករដ្ឋមន្រ្តី ហួត ហាក់ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខនិវត្តជន និងក្រុមគ្រួសារ ព្រមទាំងនឹករលឹកដល់អតីតមន្រ្តីរាជការដែលធ្លាប់បម្រើការជូនក្រសួងកន្លងមក ក្រោមដំបូលរាជរដ្ឋាភិបាលប្រកបដោយភក្តីភាព ហើយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សម្ដេចបានផ្ដាំផ្ញើនូវការអរគុណ និងជូនពរដល់អតីតមន្ត្រីរាជការ ពិសេសនិវត្តជនទាំងអស់សូមឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
លោករដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គពិធីអំពីជោគជ័យជាប្រវត្តិសាស្រ្តថ្មីរបស់ក្រសួង ដែលព្រះមហាក្សត្រសព្វព្រះរាជហឫទ័យរាជានុញ្ញាតប្តូរឈ្មោះក្រសួងទៅជាក្រសួងអធិការកិច្ច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅបន្តការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្ដោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពសា្ថប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម។
លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែថ្ងៃនេះ មិនបានជួបជាមួយនិវត្តជនទាំងអស់របស់ក្រសួងក្តី ព្រោះក្នុងពេលនេះក៏មាននិវត្តជនមួយចំនួនបាននិងកំពុងសម្រាកព្យាបាលជំងឺផងដែរ ដូច្នេះលោករដ្ឋមន្ត្រីក៏គ្រោងនឹងដាក់កម្មវិធីចុះសាកសួរសុខទុក្ខពួកគាត់ដោយផ្ទាល់តាមពេលវេលាសមស្របណាមួយតែម្តង។
លោករដ្ឋមន្រ្តីបានផ្តល់ជូននិវត្តជននូវកម្រងស្នាដៃជាសៀវភៅរបស់សម្តេចតេជោ សៀវភៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសៀវភៅកូនប្រុសច្បងដ៏មានឥទ្ធិពលរបស់សម្តេចមហាបវរធិបតី នំខ្មែរម្នាក់១កន្រ្តក និងថវិកាម្នាក់ៗ១០ម៉ឺនរៀល ហើយសម្រាប់ថ្នាក់ដឹកនាំក្រសួងក៏បានទទួលបាននូវអំណោយជាសៀវភៅ និងនំខ្មែរដូចគ្នាផងដែរ៕