(កំពង់ស្ពឺ)៖ មន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្ដីពីការចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ស្ពឺ។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីលោក ហេ សូផាន់ណាក់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងមានចូលរួមពីលោកប្រធាន-អនុប្រធាននាយកដ្ឋានចំណុះ ឲ្យអគ្គនាយកដ្ឋានសុរិយោដី និង ភូមិសាស្ត្រ និង ជាគ្រូឧទ្ទេសនាម ។

លោក ហេ សូផាន់ណាក់ បានលើកឡើងថា ក្រោយទទួលបាននូវវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមដែលត្រូវចុះអនុវត្ត ការងារចុះបញ្ជីដីធ្លី ចំណុះឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ ទាំងមន្ត្រីបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទាំងអស់ ក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះលោកយល់ឃើញ បានទទួលលទ្ធផលដ៏ប្រសើរ នេះបើយោងតាមរបាយការណ៍របស់មន្ទីរ។

លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំនួនអ្នកចូលរួមសរុប៖ ១៨៩នាក់/ស្រី ៤៦នាក់ ចែកជា ៤ផ្នែក ក្នុងនោះផ្នែកទី១៖ ប្រធានក្រុម អនុប្រធានក្រុម និងមន្ត្រីផ្សព្វផ្សាយ សរុបចំនួន ៣៥នាក់, ផ្នែកទី២៖ មន្ត្រី GIS សរុបចំនួន ៣៩នាក់ ផ្នែកទី៣៖ មន្ត្រីកំណត់ព្រំ និងវាស់វែង សរុបចំនួន ៥១នាក់ -ផ្នែកទី៤+ មន្ត្រីវិនិច្ឆ័យ សរុបចំនួន ៦៤នាក់ ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា លទ្ធផលនៃការបណ្តុះបណ្តាលកម្មវិធីបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីដីធ្លី ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណះ ជាប្រព័ន្ធ មានរយះពេល ០៣ថ្ងៃ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់មន្ទីរ និងមន្ត្រីតាមបណ្ដារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ព្រមទាំងអ្នកស្ម័គ្រចិត្តសរុបចំនួន ១៨៩រូប ដែលត្រូវទទួលវគ្គបណ្តុះបណ្តាល យ៉ាងយកចិត្តទុកដាក់ពីគ្រូឧទ្ទេស លើប្រធានបទមាន ក្រមសីលធម៌វិជ្ជាជីវៈ និងការរៀបចំផែនការការងារ -ការផ្សព្វផ្សាយជាសាធារណៈ និងការចូលរួមបែបសហគមន៍ និងការរៀបចំដែនដី ។ ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database) -ការកំណត់ព្រំ និងការវាស់វែង- និងការងារវិនិច្ឆ័យ៕