(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងលើកចិត្តដល់មន្ត្រីរាជការទាំងអស់ ដោយបានចែកជូនជាថវិកា និងសម្ភារមួយចំនួនផងដែរ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលកន្លងមកខិតខំបំពេញតួនាទីការងារ បម្រើរសេវាសាធារណជូនពលរដ្ឋតាមជំនាញនីមួយៗ ប្រកបដោយតម្លាភាព មានក្រមសីលធម៌។

លោកបន្តថា ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណ ត្រូវចេះព្យាយាម តស៊ូ អត់ធ្មត់ជាមួយនឹងការងារ យកចិត្តទុកដាក់ឱ្យបានកាន់តែល្អជាមួយប្រជាពលរដ្ឋ ត្រូវកែរតម្រូវពីចំណុចខ្វះខាតពីគ្នាទៅវិញទៅមក ហាមមានការគំគួន ខឹងសម្បានឹងគ្នា ចាំបាច់ត្រូវតែសហការគ្នា ធ្វើការជាក្រុម សាមគ្គីរួបរួម រឹងមាំ។

លោក ប៉ែន កុសល្យ ក៏បានថ្លែងបង្ហាញប្រាប់ទៅកាន់មន្ត្រី ឲ្យយល់កាន់តែច្បាស់ពី «យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ ចំណុចជាសំខាន់រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព»របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង«យុទ្ធសាស្រ្តអាទិភាពទាំង៥: មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា»។

ជាមួយគ្នានេះដែរ លោក ប៉ែន កុសល្យ បានផ្តល់ជូននូវថវិកា និងភេសជ្ជៈ ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមជំនាញការិយាល័យនីមួយៗចំណុះរដ្ឋបាលខេត្ត សម្រាប់ធ្វើបុណ្យជួបជុំជាមួយក្រុមគ្រួសារ ក្នុងឱកាសនៃពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងសូមជូនពរការធ្វើដំណើរទៅលេងស្រុកកំណើត ជួបតែសុខសុវត្ថិភាព ទាំងការទៅ នឹងត្រឡប់មកវិញ៕