(ភ្នំពេញ)៖ ដំណឹងមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេ​ស្គាល់​​ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ កំពុងតែអង្រួនបណ្តាញសង្គម និងនាំ​ឱ្យមានការតក់ស្លុតចិត្ត និងសង្វេគជាខ្លាំងជាមួយគ្រួសារសព។

សមត្ថកិច្ចបានបញ្ជាក់ច្បាស់ហើយ ឧកញ៉ា ឈាង រ័ត្ន អាយុ ៤០ឆ្នាំ បានបញ្ចប់ជីវិតដោយ​ការ​ចងក​​ធ្វើ​អត្តឃាត នៅវេលាម៉ោង១៤៖៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះ​លេខ​​១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ឈ្មោះ ម៉ៅ សុីវន ត្រូវជាប្អូនថ្លៃឧកញ៉ា ឈាង រ័ត្ន បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ​ពោលនៅវេលាម៉ោង ៨៖១០នាទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្លួន និងគ្រួសារបានទៅ​ធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន មិនបានទៅជាមួយឡើយ ដោយអះអាងថា ជាប់រវល់ទៅខេត្តកំពង់ចាម ដើម្បីមើលគ្រូចិនសែ។

ឈ្មោះ ម៉ៅ ស៊ីវន បន្តថា លុះរហូតដល់ម៉ោង ១៤៖៥០នាទីថ្ងៃដដែល ពេលខ្លួនត្រឡប់​មក​ផ្ទះវិញ ក៏ឃើញរថយន្តឧកញ៉ា ឈាង រ័ត្ន ចតនៅខាងមុខផ្ទះ ពេលនោះរូបគេបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះ ហើយប្រទះឃើញបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន ចងកនឹងខ្សែអង្រឹងជាប់ជណ្ដើរទ្វារក្រោយផ្ទះ។

បើតាម ម៉ៅ ស៊ីវន បានលើកឡើងថា កន្លងមកឧកញ៉ា ឈាង រ័ត្ន ធ្លាប់មានវិបត្តិផ្លូវចិត្តលែង​លះ​​គ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់។

តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថាជនរងគ្រោះខាង​លើ​ពិត​ជាធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេ​តុខាងលើ។

សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍​នឹង​គ្នាកាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕