(ភ្នំពេញ)៖ ជាទម្លាប់នៃការយកចិត្តទុកដាល់ដល់ក្រោមឱវាទ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែជួបសំណេះសំណាល និងផ្តល់ថវិកាឧបត្ថម្ភដល់មន្ត្រីក្រោមឱវាទ មុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យចូលឆ្នាំផងដែរ។
នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកដែលកំពុងបម្រើការងារក្នុងស្ថាប័ន ដើម្បីបង្កើនភាពស្និទ្ធស្នាល និងជម្រាបជូនអំពីចក្ខុវិស័យស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងបម្រើការងារជូនស្ថាប័នបានយ៉ាងល្អ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យមន្ត្រីទាំងអស់បន្តសហការរួមគ្នា ធ្វើយ៉ាងណាឱ្យការអនុវត្តការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានផ្លែផ្កា និងលទ្ធផលល្អប្រសើរ។
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនោះ លោកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសាកសួរសុខទុក្ខ និងជូនជាថវិកាឧបត្ថម្ភមួយចំនួនដល់មន្ត្រីរាជការ និងបុគ្គលិករបស់ស្ថាប័នសរុបប្រមាណ ៣០០នាក់ ដែលជាថវិកាផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី ដើម្បីបានប្រារព្ធពិធីបុណ្យទាន និងកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានជូនពរដល់មន្រ្តីរាជការទាំងអស់ទទួលបាននូវសំណាងល្អ សុខសុវត្ថិភាព និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងសូមមានសេចក្តីសុខជាមួយក្រុមគ្រួសារ ហើយសង្ឃឹមថាមន្ត្រីទាំងអស់នឹងវិលត្រឡប់ពីថ្ងៃឈប់សម្រាក មកបំពេញការងារវិញប្រកបដោយស្មារតី និងអារម្មណ៍ជ្រះថ្លា ដើម្បីបម្រើផលប្រយោជន៍ប្រជាជនខ្មែរបន្តទៀត៕