(ភ្នំពេញ)៖ ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀក ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានចេញលិខិតថ្លែងអំណរគុណចំពោះលោកនាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី បានចូលរួមថវិកាចំនួន៣០,០០០០ដុល្លារអាមេរិក ដើម្បីកសាងអគារសិក្សា និងសាលប្រជុំថ្មីនៃពុទ្ធិកសាកលវិទ្យាល័យនេះ។

អគារថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះដែរ មានបណ្តោយ២៣.៥៥ម៉ែត្រ ទទឹង១៧.៥ម៉ែត្រ កម្ពស់៤ជាន់ សម្រាប់គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យបានបំពេញការងារ និងសមណនិស្សិត និស្សិតបានសិក្សារៀនសូត្រ សំដៅបន្តជួយការអភិវឌ្ឍធនធានមនុស្សជាឧត្តមប្រយោជន៍សង្គមជាតិឱ្យកាន់តែមានភាពរីកចម្រើនជានិរន្តរ៍។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្ដមសិក្សាពុទ្ធសាសនាដំបូង និងឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

បច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងទល់មុខព្រះបរមរាជវាំង លេខ៣៩៣ តិរវិថី ព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕