(ព្រៃវែង)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកពារាំង ខេត្តព្រៃវែង បាន​រៀប​ចំពិធីប្រណាំងទូក ដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រពៃណី​របស់ខ្មែរ។

ពិធីប្រណាំងទូកនេះ មានទូកចូលរួមប្រណាំងចំនួន៣៤ទូក មកពីស្រុកផ្សេងៗ​គ្នានៅក្នុង​ខេត្ត​ព្រៃវែង។ ក្នុងពិធីនោះ ក៏មានការចូលរួមទស្សនាកម្សាន្តពីមន្ត្រីរាជការ អាជ្ញាធរ កង​កម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋជាង ៧ពាន់នាក់។ ពិធីប្រណាំងបានប្រព្រឹត្តទៅ​ក្រោម​បរិយាកាសយ៉ាងសប្បាយរីករាយ។

លោក ចេម ប្រា អភិបាលស្រុកពារាំង បានថ្លែងថា ការរៀបចំពិធីប្រណាំងទូកនេះ រៀបចំ​ឡើង​​ក្នុងបំណងអបអរសាទរបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងដើម្បីនាំភាពសប្បាយរីករាយ​ជូនប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ការប្រណាំងទូកនេះ ក៏ជាការសមសមត្ថភាពរបស់អ្នក​អុំទូក ដើម្បីចូលរួមការប្រណាំងទូកងថ្នាក់ជាតិនាខែវិច្ឆិកាខាងមុខផងដែរ។

លោក គង់ លីវ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​​បង្ហាញ​ក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចូលរួមក្នុងពិធីប្រណាំងទូកងជា​ប្រពៃ​ណី​ខ្មែរ​នៅ​ក្នុងស្រុកពារាំង។

លោក លីវ៉ា បានលើកឡើងថា ការប្រណាំងទូកជាពិធីមួយ ដើម្បីរំលឹកដល់ភាពខ្លាំងរបស់​កង​ទ័ពជើងទឹកខ្មែរក្នុងសម័យដើម។ តែសម្រាប់ពេលបច្ចុប្បន្នការអុំទូក ជាការបង្ហាញឱ្យ​ឃើញនូវសាមគ្គីភាពរបស់ពលរដ្ឋខ្មែរនៅក្នុងចំណុះទូកនីមួយៗ។ ការអុំទូកនេះ បានផ្តល់​មេរៀន​អប់រំថា ការរួមសាមគ្គីគ្នា ទើបអាចនាំមកនូវជ័យជម្នះ។

ក្នុងឱកាសនោះ លោក លីវ៉ា បានរំលឹកដល់ចំណុះទូក ក៏ដូចជាអ្នកចូលរួមផងដែរថា ការ​រៀបចំពិធីប្រណាំងទូកនេះអាចធ្វើទៅបានដោយសារតែកម្ពុជា មានសុខសន្តិភាព និងស្ថេរ​ភាព​សង្គម។ ផ្ទុយទៅវិញបើកម្ពុជា ពើបប្រទះនឹងភ្លើងសង្គ្រាម​ដូចកាលពីអតីតកាល ឬដូច​ប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ គឺមិនអាចរៀបចំបាននោះឡើយ។

ក្នុងន័យនេះ លោក គង់ លីវ៉ា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរួបរួមគ្នាថែ​រក្សាឱ្យបានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក លីវ៉ា បានក្រើនរំលឹកប្រជាពលរដ្ឋមិនត្រូវជឿងតាមការញុះញង់ណាមួយប្រព្រឹត្តរឿងផ្ទុយនឹងច្បាប់ ដែលអាចជាហេតុបំផ្លាញសុខសន្តិភាពនោះឡើយ៕