(បាត់ដំបង)៖ នារសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរង ខេត្តបាត់ដំបង បានអញ្ចើញចូលរួមបិទ វគ្គសិក្សាបំប៉នដោយឥតបង់ថ្លៃ លើមុខវិជ្ជាចំនួន០៥ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា នៅសាកលសន្និសីទនៃសាកលវិទ្យាល័យបាត់ដំបង ដោយមានការចូលរួម ពីមន្ត្រីរាជការ លោកសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការជុំវិញខេត្ត។
ថ្លែងក្នុងកម្មវិធីនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ដែលបានបំពេញតួនាទីយ៉ាងល្អ ក្នុងការយកចិត្តពីសំណាក់អ្នកគ្រូ លោកគ្រូ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃជួយបំពេញចន្លោះខ្វះខាត ទៅដល់ប្អូនៗ សិស្សានុសិស្សដែលនឹងត្រូវប្រលងសញ្ញាបត្រទុតិយភូមិរយៈពេល២ថ្ងៃនៅថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ នាពេលខាងមុខនេះ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា យុវជនជាសរសេរទ្រូងរបស់ប្រទេសជាតិ យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាធនធានដ៏មានតម្លៃ យុវជនជាកម្លាំងចលករដ៏រឹមមាំ គឺជាចំណុចស្នូលនៃយុទ្ធសាស្ដ្រចតុកោណរបស់ រាជរដ្ឋាភិបាលដែល ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុង ការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ តាមរយៈការធ្វើកំណែទម្រង់ជាជំហានៗ និង ដោយមានការប្រុងប្រយ័ត្នលើវិស័យអាទិភាពមួយចំនួន រួមមានកំណែទម្រង់រដ្ឋបាល ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ច្បាប់ ការពង្រឹងការគ្រប់ គ្រងចំណូល និង ការធ្វើវិចារណកម្មចំណាយ និងកំណែទម្រង់ ការគ្រប់គ្រងធនធានធម្មជាតិ សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជារាស្ដ្រខ្មែរ។ ព្រមជាមួយនេះដែរវិស័យអប់រំ សហភាពសហព័ន្ឋយុវជនកម្ពុជា ខេត្តបាត់ដំបង បានសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបងរៀបចំ បើកវគ្គសិក្សាបំប៉នដោយឥតបង់ថ្លៃជូនប្អូនៗ ដែលជាបេក្ខជនត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានចំនួន០៣ឆ្នាំសិក្សាជាប់ៗគ្នាកន្លងមកហើយ ដោយគិតទាំងឆ្នាំសិក្សាឆ្នាំនេះ លោកក៏បានលើកឡើងដែរថា «អ្នកចេះ គឺជាប់»។
ជាមួយគ្នានោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការផ្តាំផ្ញើរដល់ប្អូនៗដែល និងត្រូវប្រលងនាពេលខាងមុខសូមមេត្តាកុំយកភ្ជាប់ ជាមួយនៅសំណៅ ឯកសាររួមទាំងឧបករណ៍ទាំងឡាយណាដែលហាមឃាត់ដោយក្រសួងអប់រំយុវជន និងកីឡា លោកបានបន្តទៀតថាប្អូនៗឬក្មួយៗ នឹងមិនធ្វើឲ្យលោក អស់សង្ឃឹមនោះទេ ត្រូវប្រឡងឲ្យជាប់គ្រប់ៗគ្នា មិនថានិទេស អ្វីឡើយ៕