(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។

បន្ថែមពីនេះ លោកបានណែនាំបន្ថែមដល់អាជ្ញាធរខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធត្រូវត្រៀមរៀបចំ ព្រះរាជពិធីបុណ្យអុំទូកឱ្យបានធំ និងបានល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ដោយការចូលរួមពីស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់។ កិច្ចការពារសន្តិសុខនេះក៏ត្រូវបន្តរហូតដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោយពីព្រះរាជពិធីនេះបានអាកខានអស់ជាច្រើនឆ្នាំ ដោយសារការរាត្បាតដោយជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជាគណៈកម្មការរួចរាល់ហើយ ដើម្បីឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីគម្រោងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកឆ្នាំនេះផងដែរ ដោយបើតាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង៣០០ទូក (រាជធានីភ្នំពេញមានប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់ និងមានប្រទីពចូលរួមប្រមាណជាង២០ប្រទីព។

ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះនៅអតីតឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ៕