(ភ្នំពេញ)៖ គណបក្ស មូលីណាកា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសពីជំហរគាំទ្រ និងបន្តចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «គណបក្ស មូលីណាកា គឺជាគណបក្សនយោបាយមួយ ដែលបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីអំឡុងជិត៣០ឆ្នាំមុន ពោលគឺនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៧ មកម្ល៉េះ (គណបក្ស ម៉ូលីណាកា តំណាងដោយឯកឧត្តម ព្រហ្ម នាគរាជ អតីតប្រធានគណបក្សម៉ូលីណា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាព និងគណបក្សប្រជាជនកម្ពុជា តំណាងដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា) ។
គណបក្ស មូលីណាកា សូមប្រកាសបង្ហាញនូវជំហរបន្តសហការ និងស្មោះត្រង់ឥតវៀចវេររវាងគា្ន និងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សនយោបាយសម្ព័ន្ធភាពជានិច្ចនិរន្តរ៍តរៀងទៅ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់ជាធរមាន កម្មវិធីនយោបាយ និងអធិបតេយ្យភាពរបស់គណបក្សនយោបាយនីមួយៗ ។
ទន្ទឹមនឹងនេះ គណបក្ស ម៉ូលីណាកា សូមធ្វើការប្រកាសគាំទ្រនូវសំណើសុំចងសម្ព័ន្ធភាពរបស់បណ្ដាគណបក្សនយោបាយនានាផ្សេងៗទៀត ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរក្សា បាននូវសុខសន្តិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយកិត្យានុភាព នៅក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ»៕