(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ព្រាងនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ «គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនៀល» ស្ថិតក្នុងខេត្តស្វាយរៀង គាំទ្រថវិកាហិរញ្ញប្បទានឥតសំណង ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា (KOICA) ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីពិភាក្សាអំពីរបាយការណ៍បណ្តោះអាសន្ន នៃការសិក្សាលទ្ធភាព ដោយការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគម្រោង លោកស្រី Moonjung CHOI នាយកប្រចាំប្រទេសនៃការិយាល័យ KOICA និងលោកស្រី Minnie Chay នាយកប្រចាំប្រទេសនៃធនាគារ K-Exim ។

ការសិក្សាសមិទ្ធិលទ្ធភាពរបស់ «គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនៀល» គាំទ្រដោយសាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ដែលមានថវិកាជំនួយចំនួន ២លានដុល្លារ សម្រាប់អនុវត្តរយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៣ ខណៈតម្លៃសាងសង់វិញមានប្រមាណ ១០០លានដុល្លារ។

ក្នុង​ឱកាសនោះ លោក ប៉ុញ សច្ចៈ បានថ្លែងថា គម្រោងនេះមានសារៈសំខាន់ណាស់ ដោយសារតែត្រូវពិនិត្យមើលការកែប្រែព្រែកនៀល ដែលជាព្រែកធម្មជាតិ ត្រូវបានបោះបង់ចោល មិនមានបរិមាណទឹកគ្រប់គ្រាន់កន្លងមក ដែលមានផលប៉ះពាល់២ គឺការខ្វះទឹកនៅរដូវប្រាំង និងមានទឹកជំនន់នៅរដូវវស្សា ដែលយាយីដល់ផ្ទៃដីកសិករនៅជាប់នោះ។ យើងកែប្រែវាឡើងវិញ ដោយបង្កើតជាទំនប់សណ្តរស្ទឹងអមសងខាងព្រែកនៀល ហើយយើងថ្ពក់ទឹកយកពីព្រែក ៣ទៀត ដែលយើងនឹងអភិវឌ្ឍន៍ទៅជាប្រឡាយមេ និងព្រែកវាយគោ។

សិក្ខាសាលាបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈវិស័យលើការគ្រប់គ្រងទឹកកសិកម្ម ខណៈរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ រួមមាន ការចំណាយលើគម្រោង និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមដំបូង។

បើតាមលោក ប៉ុញ សច្ចៈ របាយការណ៍ដែលត្រូវបានប្រជុំ នឹងយកទៅបញ្ចប់នៅចុងខែក្រោយ ហើយអាចមានកិច្ចប្រជុំម្តងទៀត ដើម្បីពិភាក្សាបញ្ចប់របាយការណ៍នេះ ឬក៏ដាក់របាយការណ៍នេះ ទៅដៃគូរអភិវឌ្ឍន៍ដើម្បីឯកភាព និងបញ្ចួនរបាយការណ៍ទៅធនាគារ K-Exim បញ្ចូលក្នុងថវិកាវិនិយោគ ដើម្បីធ្វើជាកិច្ចសន្យាកម្ចីមួយ។

លោក ប៉ុញ សច្ចៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខេត្តស្វាយរៀង គឺជាខេត្តដែលក្សត់ធនធាន អញ្ចឹងត្រូវតែជួយលើគម្រោងនេះ បើមិនដូច្នេះទេប្រជាពលរដ្ឋនឹងធ្វើចំណាកស្រុក ដើម្បីស្វែងរកមុខរបរ។ អញ្ចឹង គម្រោងនេះជួយបង្កើតមុខរបរគាត់ គាត់មានផ្ទៃដីអាចស្រោចស្រព ដែលគាត់អាចធ្វើកសិកម្ម ២ដង ក្នុងមួយឆ្នាំ។ ជីវភាពគាត់នឹងធូរធា ដោយសារតែមិនមានទឹកយាយីគាត់នៅខែវស្សា ហើយមានទឹកស្រោចគ្រប់គ្រាន់នៅខែប្រាំង ធ្វើឲ្យទិន្នផលកើនឡើងទៀត»

«គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនៀល» មានគោលបំណងកាត់បន្ថយការខូចខាតដោយទឹកជំនន់ និងគ្រោះរាំងស្ងួត ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្ត/ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារ/ឧស្សាហកម្ម និងបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គម្រោងនេះមានតម្លៃសាងសង់ ១០០លានដុល្លារ ហើយសិក្សានៅឆ្នាំ២០២៣-២៤ និងចាប់ផ្តើមអនុវត្តន៍គម្រោងសាងសង់នៅឆ្នាំ២០២៥។

លោកបានបន្តថា គម្រោងនេះគ្របដណ្តប់លើស្រុកចំនួន ៣ និងក្រុង ១ គឺកំពង់រោទិ៍ ស្វាយជ្រុំ ស្វាយទាប និងក្រុងស្វាយរៀង ហើយប្រជាជនដែលទទួលផលមានចំនួន ៥,៣៦០គ្រួសារ។ គម្រោងនេះ នឹងស្រោចស្រពលើផ្ទៃដី ២៦,៩៥០ហិកតា ក្នុងនោះខែប្រាំងមានទំហំ ៥៣៤៣ហិកតា ហើយខែវស្សាមានទំហំ ២១,៦០១ហិកតា។

ជាមួយគ្នានេះដែរ KOICA បានប្តេជ្ញាគាំទ្រ «គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនៀល» ហើយតាំងពីឆ្នាំ២០០៣ បានជួយគាំទ្រចំនួន ៧៦គម្រោង រួមទាំងគម្រោងព្រែកនៀលនេះ បើគិតជាទឹកប្រាក់ប្រមាណ ៣,៣ប៊ីលានដុល្លារ។ KOICA ក៏បានប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត។

សូមជម្រាបថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ព្រាងនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ «គម្រោងផ្គត់ផ្គង់ទឹក និងកាត់បន្ថយទឹកជំនន់អាងទឹកព្រែកនៀល» ក៏មានអ្នកចូលរួមដូចជា តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងការគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានតាំងទីលំនៅថ្មី ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ៕