(ភ្នំពេញ)៖ លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវ បានសម្តែងការសាទរចំពោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រជានាយករដ្ឋមន្ត្រីរបស់កម្ពុជា​សម្រាប់​នីតិ​កាលថ្មី។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញជំនឿចិត្តថា កម្ពុជា នឹងបន្តចម្រើន​លូតលាស់ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកឯកអគ្គរដ្ឋទូតឡាវ បានគូសរំលេចបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅនារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា ចំណងមិត្តភាពឡាវ-កម្ពុជា ក្នុង​នាមជាអ្នកជិតខាងដ៏ល្អ គឺមានដានប្រវត្តិសាស្ត្រអស់រយៈកាលជាយូរលង់ ហើយមូល​ដ្ឋាន​ដ៏ល្អនេះ ក៏នឹងរួមចំណែកបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស និងប្រជាជនទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនរីកលូតលាស់ទៅមុខ បន្ថែមពី​លើ​​​ពីកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ នៅក្នុងវិស័យអប់រំ, ទេសចរណ៍ និងឧស្សា​កម្ម​ជាដើម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត និង​សហ​ការី ក្នុងជំនួបនេះ ដើម្បីពិភាក្សាអំពីទិសដៅនៃការពង្រឹង និងពង្រីកទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការបន្ថែមទៀត។ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផល​ប្រកបដោយ​ផ្លែ​ផ្កានៃជំនួបមុនៗរវាងសម្តេចធិបតី ជាមួយនាយករដ្ឋមន្ត្រីឡាវ ចំនួនពីរដងក្នុង​ឱកាស​នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងការចូលរួមក្នុងកម្មវិធី​ពិព័រណ៍​ចិន-អាស៊ានលើកទី២០ នៅក្នុងប្រទេសចិន។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា ពិតមែនតែចំណងការទូតផ្លូវការរវាង​ប្រទេស​ទាំងពីរ មានរយៈពេលតែ ៦៧ឆ្នាំ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពិតមានលក្ខណៈប្រវត្តិសាស្ត្រយូរអង្វែង។

សម្តេចធិបតី ក៏បានរំឭកផងដែរអំពីលទ្ធផលនៃជំនួបជាមួយប្រធានាធិបតីឡាវ ក្នុង​ក្រប​ខ័ណ្ឌ​នៃដំណើរទស្សនកិច្ចផ្លូវការក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកង​យោធ​ពលខេមរភូមិន្ទ របស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២២។ ក្នុង​ពេល​នោះ លោកប្រធានាធិបតីឡាវ បានបញ្ជាក់អំពីបំណងក្នុងការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល, ស្ថាប័នសភា, ប្រជាជន និងកងទ័ព ក៏ដូចជារវាងយុវជននៃប្រទេស​ទាំង​ពីរ។ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធា សម្តេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យ​បន្ត​អនុវត្ត «លំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយកម្ពុជា-ឡាវ-វៀតណាម (CLV)» ដែលត្រូវបានរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតឡាវ បានឯកភាពគ្នាលើទិសដៅ​នៃ​ការ​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យថាមពល, ទេសចរណ៍, ពាណិជ្ជកម្ម, ការបោះបង្គោលព្រំដែន និងការតភ្ជាប់ហេដ្ឋារចនា​សម្ព័ន្ធ​ស្ពាន​-ផ្លូវជាដើម។ល៕