(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានមួយចំនួន ដែលបង្ហោះលើគណនី Facebook មួយចំនួន ដោយបានយកវីដេអូនៃសកម្មភាពរថយន្តសង្គ្រោះ ដឹកជញ្ជូនជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មកបង្ហោះផ្សព្វផ្សាយរិះគត់ជាថ្មី បង្កើតឱ្យមានការភាន់ច្រឡំមកលើវិស័យសុខាភិបាល។
សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានលើកឡើងថា សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ៨៖៣០នាទីយប់ មានផេកហ្វេសប៊ុកឈ្មោះ Mekong News ធ្វើការចុះផ្សាយ រូបភាពវីដេអូនៃការដឹកជញ្ជូនជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍មួយករណី ដែលពុំមានប្រភព និងកាលបរិច្ឆេទច្បាស់លាស់ ព្រមទាំងបានដាក់ខ្លឹមសារថា «យកទៅសង្គ្រោះតែបើអត់មានលុយ គឺទម្លាក់ចុះវិញហើយ» និងផេកហ្វេសប៊ុកមួយទៀត ឈ្មោះ ចំណេះដឹងទូទៅ បានផុសរូបភាពវីដេអូដដែល និងសរសេរខ្លឹមសារថា «ឡានពេទ្យមួយនេះ មកយកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ពេលដែលលើកដាក់ ហើយគ្មានលុយលើកចុះពីឡានមកវិញ»។
តាមការស្រាវជ្រាវលើរូបភាពវីដេអូ ដែលផេកហ្វេសប៊ុកទាំងពីរខាងលើ យកមកផ្សព្វផ្សាយ មន្ទីរសុខាភិបាលបានរកឃើញថានេះ ជាករណីគ្រោះចរាចរណ៍ ដែលបានកើតឡើងតាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ហើយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការផ្លូវច្បាប់រួចរាល់ និងមិនមានករណីបែបនេះ កើតឡើងជាថ្មីនោះឡើយ។
ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់ម្ចាស់ផេកហ្វេសប៊ុកទាំងពីរលុបរូបភាពវីដេអូ នេះចេញពីគេហទំព័ររបស់ខ្លួនជាបន្ទាន់ ដើម្បីចៀងវាងធ្វើឱ្យសាធារណជន មានការភាន់ច្រលំ និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីជួបប្រទះគ្រោះចរាចរណ៍ នៅមូលដ្ឋានរាជធានីភ្នំពេញ សូមហៅទៅកាន់លេខរថយន្តគិលានសង្គ្រោះ 119 ឬលេខទំនាក់ទំនងរបស់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ដើម្បីជួយសង្គ្រោះ និងបញ្ចូនទៅមន្ទីរពេទ្យបានទាន់ពេលវេលា៕