(ភ្នំពេញ)៖ កម្មវិធីបញ្ជ្រាបច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់ ត្រូវបានធ្វើបទបង្ហាញដោយ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះក៏មានការចូលរួមពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។
លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំកម្មវិធីបញ្ជ្រាបច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់នេះឡើង ដើម្បីបញ្ជូលក្នុងក្របខណ្ឌនានា សម្រាប់ការកសាងស្ថាប័នមួយ ដែលជារដ្ឋបាលទំនើប ផ្តល់សេវាសាធារណៈ ដល់សាធារណជនប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាកិច្ចការងារសំខាន់ ព្រោះអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ជាទិសដៅរបស់ក្រសួង ក្នុងការកែប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រដ្ឋាភិបាល ដែលសកម្ម បុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។
មុននឹងធ្វើបទបាឋកថា ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានរំលឹកអនុវស្សាវរីយ៍ នៅទីនេះ ទីស្តីការក្រសួងព័ត៌មាន សុទ្ធតែជាយុទ្ធជនធ្លាប់កាន់អាវុធប៉ាកានាទសវត្សរ៍៨០ជាមួយគ្នា ទើបលោកមកចូលរួមដោយផ្ទាល់ដោយសារនឹកគ្នា។
ក្នុងបទបាឋកថា ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកនូវ ៣ចំណុចធំៗ រួមមាន៖
*ទី១៖ យុទ្ធសាស្ត្រព្រួញមុខ៣ គឺអប់រំ បង្ការទប់ស្កាត់ និងបង្រ្កាបបញ្ជូនទៅតុលាការ
*ទី២៖ ប្រភព មានព័ត៌មានចំហ សម្ងាត់ (ក្នុង និងក្រៅប្រទេស), ពាក្យប្តឹង និងតុលាការប្រគល់ឲ្យ
*ទី៣៖ បទល្មើសពុករលួយ ដែលមាន៣៨បទល្មើសក្នុងក្រមព្រហ្មទណ្ឌ និង១៧បទល្មើស ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់អំពីបទល្មើសស៊ី-សូក ១៩បទល្មើស និងបទល្មើសក្រៅពីស៊ី-សូក ១៧ និងបទល្មើសពុករលួយក្នុងច្បាប់ផ្សេងៗ ទៀតផងដែរ។
លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានធ្វើការពន្យល់អំពីអត្ថន័យ នៃអំពើពុករលួយ «ពាក្យអំពើពុករលួយ» ត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្ដែគោលគំនិត និងខ្លឹមសារនៃអំពើពុករលួយ មិនត្រូវបានយល់ដឹងទូលំទូលាយ និងស៊ីជម្រៅទេ ហើយពុំមាននិយមន័យនៃ ពាក្យអំពើពុករលួយ ហើយគ្រាន់តែមានការរៀបរាប់អំពីអំពើអ្វីខ្លះ ដែលចាត់ទុកថាជាបទល្មើសពុករលួយ, ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានកំណត់ និយមន័យបទល្មើសពុករលួយដោយចាត់ ទុកនូវអំពើចែងនៅក្នុង៥១មាត្រា ជា៣៨បទល្មើស ពុករលួយ និងក្នុងច្បាប់ផ្សេងៗទៀតចំនួន១៧ បទល្មើសពុករលួយទៀត៕