(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថៃ្ងព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ជីវ កេង ជាប្រធានតុលាការកំពូល។ ពិធីនេះ នឹងត្រូវធ្វើឡើងនៅតុលាការកំពូល។
លោក ជីវ កេង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រូវបាន ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូល តបតាមសំណើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ឯកឧត្តម ជីវ កេង ត្រូវបានមហាជនស្គាល់ថា ជាឥស្សរជនមួយរូបដែលបានចូលប្រឡូកក្នុងវិស័យ ច្បាប់ និងបានចូលរួមចំណែកកសាងវិស័យយុត្តិធម៌ និងពង្រឹងឧត្តមភាពនៃប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ៤០ឆ្នាំ មកហើយ។
មុនពេលទទួលបានការតែងតាំងតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានតុលាការកំពូលនេះ ឯកឧត្តម ជីវ កេង បានបំពេញ តួនាទីសំខាន់ៗក្នុងវិស័យយុត្តិធម៌ ប្រកបដោយជោគជ័យ និងស្នាដៃជាច្រើន រួមមាន តួនាទីជារដ្ឋអាជ្ញាស្តីទីអមតុលាការខេត្តកំពង់ធំពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦ ជាព្រះរាជអាជ្ញាអមតុលាការកំពូលពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤ ជាចៅក្រមនៃតុលាការកំពូលពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៥ ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៤ និងជាអនុប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០១៤ ដល់ខែតុលា ឆ្នាំ២០២៣៕