(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានរៀបចំឲ្យមានការធ្វើបទបង្ហាញពីការគ្រប់គ្រង និងកែទម្រង់រដ្ឋបាលសាធារណៈ ដោយលោក គង់ សុភី រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាគ្រូឧទ្ទេសនាមនៅសាលាភូមិន្ទរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការធ្វើបទបង្ហាញនាឱកាសនេះ ផ្តោតសំខាន់ទៅនឹងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ មាន ន័យថា ការដ្ឋានកំណែទម្រង់សាធារណៈមានអ្វីខ្លះ? ថាតើគោលនយោបាយរាជរដ្ឋាភិបាល លើផ្នែកកំណែម្រង់សាធារណៈសាធារណៈផ្តោតលើអ្វី ហើយមានគោលបំណងអ្វីជាសំខាន់? ព្រោះកិច្ចការងារនេះមានសារៈសំខាន់សម្រាប់ក្រសួងព័ត៌មាន ដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ទៅលើកកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។

លោកបានលើកឡើងនូវកំណែទម្រង់ បី បូកមួយ រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ កំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ និងកំណែទម្រង់ប្រពន្ធ័យុត្តិធម៌។ ដោយឡែក ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ការកែទម្រង់រដ្ឋបាលសាធារណៈគឺជាកិច្ចការងារសំខាន់ ព្រោះអាណត្តិទី៧ នៃរាជរដ្ឋាភិបាល គឺទិសដៅរបស់ក្រសួង ក្នុងការកែប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រដ្ឋាភិបាល ដែលសកម្ម បុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។

លោក គង់ សុភី បានធ្វើបទបង្ហាញលើកឡើងនូវ បុព្វហេតុដែលនាំឲ្យធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ, សមត្ថភាពធនធានមនុស្ស និងស្ថាប័ននៅមានកម្រិត ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបន្ដថា ប្រាក់បៀវត្សត្រូវបានដំឡើងជាលំដាប់ ប៉ុន្តែមិនទាន់បានធានាដល់ការលើកទឹកចិត្ត អ្នកដែលមានទេពកោសល្យ ភាពប៉ិនប្រសប់ និងសមត្ថភាពជំនាញនៅឡើយ។ ការផ្លាស់ប្ដូររបៀបរបបនៃការ បំពេញការងារ (ផ្នត់គំនិត និងអភិក្រមការងារ) ព្រោះបើមិនមានការផ្លាស់ប្តូរឲ្យទាន់នឹងសភាពការណ៍ទេ នោះរដ្ឋបាលសាធារណៈ និងមន្ត្រីសាធារណៈ និងក្លាយជាឧបសគ្គដល់ការងារកែទម្រង់ និងការអភិវឌ្ឍទៅវិញ។

លោក គង់ សុភី បានគូសបញ្ជាក់ថា កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ចក្ខុវិស័យ៖ ប្រែក្លាយរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្ដល់សេវា ដ៏មានប្រសិទ្ធភាព និងជាដៃគូ អភិវឌ្ឍដែលអាចជឿទុកចិត្តបានសំដៅបម្រើប្រជាជនឲ្យកាន់តែប្រសើរឡើង។

គោលដៅនាពេលអនាគត កំណែទម្រង់រដ្ឋបាលសាធារណៈ គឺលើកកម្ពស់សមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីសម្រេចកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការបម្រើសេវាសាធារណៈ ប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ តាមរយៈការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ និងកំណែទម្រង់វិស័យមុខងារសាធារណៈ ឆ្ពោះទៅកាន់ប្រព័ន្ធនិយោជន៍ ឬប្រព័ន្ធចម្រុះ រវាងប្រព័ន្ធអាជីព និងប្រពន្ធ័ប្រយោជន៍ ដើម្បីផ្ដល់ការលើកទឹកចិត្តមន្ត្រីរាជការឲ្យសមស្របទៅនឹងសមត្ថភាពបំពេញការងារ ជំនាញ វិជ្ជាជីវៈ និងឆន្ទៈម្ចាស់ការ ជាពិសេសលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ៕