Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប៖ ភ្ញៀវទេសចរជនជាតិបារាំង ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យសុខភាព ក្រោយយកចេញពីព្រៃ

13-08-2016 14:25

(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានប្រាប់អង្គភាព Fresh News ថា អ្នកទេសចរជនជាតិបារាំងទាំង៤រូប ដែលបានវង្វេងក្នុងព្រៃអស់មួយថ្ងៃមួយយប់នោះ នៅម៉ោង១៤​៖០០ ថ្ងៃសៅរ៍ ទី១៣ ខែសីហានេះ ត្រូវបានដឹកបញ្ជូនតាមឧទ្ធម្ភាគចក្រ​ យកទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីបានជួយសង្រ្គោះចេញពីក្នុងព្រៃនាម៉ោងប្រមាណ១៣៖៣០នាទី។

លោក ឃឹម ប៊ុនសុង បានឲ្យដឹងដែរថា ក្រោយពេលយកចេញពីព្រៃភ្ញៀវទេសចរជនជាតិបារាំងទាំង៤នាក់ ត្រូវបានផ្តល់អាហារ និងទឹកឲ្យបរិភោគភ្លាមៗ។ បើតាមលោក ឃឹម ប៊ុនសុង សុខភាពរបស់ភ្ញៀវទេសចរជនជាតិបារាំងទាំងនោះ មិនសភាពធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែមានការថមថយកម្លាំងខ្លះ ដោយសារតែការអត់អាហារពេញមួយយប់ ហើយការយកទៅពិនិត្យសុខភាពនេះ គឺដើម្បីពិនិត្យសុខភាព និងចាក់ថ្នាំខ្លះជួយឲ្យសុខភាព និងកម្លាំងរបស់ពួកគេបានវិលមករកភាពប្រក្រតីឡើងវិញ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរជនជាតិបារាំង ៤រូប រួមនិងមគ្គុទេសទេសចរណ៍ម្នាក់ផងដែរ បានវង្វេងនៅក្នុងព្រៃពេលពួកគេទៅកម្សាន្តនៅ រមណីដ្ឋានក្បាលស្ពាន កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ម្សិលមិញ។

បើទោះបីជាយ៉ាងណា ក្រោយពីទទួលបានដំណឹង នៃការវង្វេងផ្លូវរបស់ភ្ញៀវទេសចរនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន និងអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុន សុង រួមនិងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចផងដែរ បានរួមគ្នាចុះទៅដល់កន្លែងវង្វេងរបស់អ្នកទេសចរ ហើយបានចាត់វិធានការស្វែងរកភ្លាមៗ ដោយមានប្រើឧទ្ធម្ភាគចក្រ ដើម្បីរុករកផងដែរ។ បន្ទាប់ពីប្រតិបត្តិការស្វែងរកជាច្រើនម៉ោង នៅម៉ោងប្រមាណ ១៣៖៣០នាទីថ្ងៃនេះ ភ្ញៀវទេសចរទាំង៤រូប រួមនិងមគ្គុទ្ទេសមួយរូប ត្រូវបាននាំចេញពីក្នុងព្រៃវិញហើយ៕