(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង ព្រមទាំងមន្រ្តីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ តុលាឆ្នាំ២០២៣ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ បាននាំយកបច្ច័យចំនួន២៤លាន៨សែនរៀល និង៧៤០ដុល្លារ ដែលបានពីសទ្ធាជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃវត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានោះ លោក ឃួង ស្រេង និងលោកស្រី ព្រមទាំងមន្រ្តីរាជការក៏បាននាំយកនូវបង្អែម នំនែក ចង្ហាន់បិណ្ឌបាត្ររួម និងគ្រឿងឧបភោគបរិភោគវេរប្រគេនដល់ព្រះសង្ឃ ព្រមទាំងរាប់បាត្របង្សុកូលទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានចែកដ្ឋានទៅកាន់លោកខាងមុខ។

ពិធីកាន់បិណ្ឌនេះមិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការរួបរួមសាមគ្គីគ្នារវាងព្រះសង្ឃ និងគ្រហស្ថ មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាការរួមចំណែកក្នុងការជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជួយថែរក្សា ប្រពៃណី ទំនៀមទម្លាប់ កេរដំណែលដ៏ល្អប្រពៃរបស់ដូនតាថែមទៀតផង។

គួរបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលថ្ងៃភ្ជុំបិណ្ឌ។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ៕