(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅជុំវិញដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈម ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
លោក ឌុច សុន បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នេះ មានគោលដៅសំខាន់ គឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ លោកបន្តថា ការរៀបចំការគ្រប់គ្រង ការប្រព្រឹត្តទៅនៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវអនុវត្តដោយអនុលោមទៅតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តនានាដែលស្ថិតនៅជាធរមាន។
អំពីសភាពការណ៍ទូទៅជុំវិញដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លោក ឌុច សុន បានលើកឡើងថា ក្នុងអំឡុងពេល១០ថ្ងៃកន្លងមកនេះ ដោយសារពេលនេះជាចុង រដូវវស្សា ហើយនៅប៉ុន្មានថ្ងៃ នៃការចាប់ផ្តើមចុះឈ្មោះដំបូងមានភ្លៀងធ្លាក់ជោគជាំ នៅតាមឃុំ សង្កាត់មួយចំនួនបង្កជាទឹកជន់ ព្រមទាំងស្ថានភាពសម្ភារ បរិក្ខា កុំព្យូទ័រ សម្រាប់បម្រើឲ្យការ ចុះឈ្មោះបោះឆ្នោតមានសភាពចាស់ នាំឲ្យមានការរអាក់រអួលខ្លះ ប៉ុន្តែ គ.ជ.ប មានវិធានការ ដោះស្រាយបានទាន់ពេលវេលា។
អំពីសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស លោក ឌុច សុន បានជម្រាបជូនថា ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ ដោយ គ.ជ.ប មានការសហការយ៉ាងខ្ជាប់ខ្ជួន ជាមួយគណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។ ជារួមដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី និងមានភាពរលូនល្អ។
អំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតការណ៍ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ សរុបចំនួន៣,៧១៩នាក់ (ស្រី១,០៦២នាក់) ដែលមកពីគណបក្សប្រជាជនកម្ពុជា ចំនួន៣,៤៦៥នាក់ (ស្រី១,០០៣នាក់) ក្នុង២៥/២៥ រាជធានី ខេត្ត ១,៦៥២/១,៦៥២ ឃុំ សង្កាត់ និងគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន២៥៤នាក់ (ស្រី ៥៩នាក់) ក្នុង១១/២៥ រាជធានី ខេត្ត ១៦៩/១.៦៥២ ឃុំ សង្កាត់។
គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ២,១៧៦នាក់ (ស្រី ៧៧៦នាក់) ដែលមកពីសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងនោះ គ.ជ.ប កំពុងនឹងពិនិត្យទៅលើការស្នើសុំចុះឈ្មោះ ដាក់អ្នកសង្កេតការណ៍ជាតិរបស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)។ ចំពោះអ្នកសង្កេតការណ៍ អន្តរជាតិពុំទាន់មាន។
អំពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ លោក ឌុច សុន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គ.ជ.ប បានចេញបណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ សរុប ចំនួន១០នាក់ (ស្រី២នាក់) មកពី២អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន សម្រាប់យកព័ត៌មានអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ឌុច សុន បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប និងនៅក្រុមប្រឹក្សាធម្មនុញ្ញ ពុំទាន់ទទួលបាន ពាក្យបណ្ដឹងណាមួយឡើយ៕