(ភ្នំពេញ)៖ លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ស៊ុន ហ័យចុង (Sun Huaizhong) អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលក្រុងស៊ិនជិន និងលោក វ៉ង សឺ (Wang Shi) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិស៊ិនជិនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាស្ថាបនិក Vanke Group និង Deeprock Group ដោយផ្តោតលើគោលបំណងសំខាន់ចំនួន៣ផ្សេងគ្នា។

គោលបំណងសំខាន់ចំនួន៣នៃជំនួបពិភាក្សាការងារនេះរួមានទី១៖ ចូលរួមនៅក្នុងការអបអរសាទរខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា និងខួប១០ឆ្នាំនៃ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ» ទី២៖ បង្កើនសោមនស្សរីករាយជាមួយបណ្តាវិនិយោគិនចិនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងទី៣៖ កិច្ចសហប្រតិបត្តិការដើម្បីបង្កើនមូលធនបញ្ញារវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនជាមួយបណ្តាសាកលវិទ្យាល័យនានា និងវិទ្យាស្ថានស្រាវជ្រាវខ្សែក្រវាត់និងផ្លូវរបស់ក្រុងស៊ិនជិនដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សង្គមសេដ្ឋកិច្ចកម្ពុជា។

ថ្លែងនៅក្នុងជំនួបនេះលោក ឡាវ វ៉ាន់ បានគូសបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំនៃការចូលរួមក្នុង «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងដែលចរន្តនៃការរីកចម្រើននេះពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីមិត្តចិនហើយក្នុងនោះក៏មានការរួមចំណែកពីវិនិយោគិនចិនផងដែរ។ ការលើកទឹកចិត្ត និងគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងវិនិយោគិននៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្រោមទម្រសុខសន្តិភាព និងសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា។

លោក ឡាវ វ៉ាន់ ក៏បានលើកទឹកចិត្តដល់បណ្តាសាកលវិទ្យាល័យនានា និងវិទ្យាស្ថានស្រាវជ្រាវខ្សែក្រវាត់ និងផ្លូវរបស់ក្រុងស៊ិនជិនបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។ លោកសង្ឃឹមថាតាមរយៈលោក វ៉ង សឺ (Wang Shi) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្ថាបនិក Vanke Group និង Deeprock Group នឹងទាក់ទាញវិនិយោគិនចិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ដែលជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

លោក ស៊ុន ហ័យចុង បានជម្រាបដែរថា ទីផ្សារឧស្សាហកម្ម ពាណិជ្ជកម្មរបស់ក្រុងស៊ិនជិន បានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំងដប់នៅក្នុងប្រទេសចិន។ សេដ្ឋកិច្ចក្រុងស៊ិនជិនប្រកាន់ខ្ជាប់នូវការបង្កើតឧស្សាហកម្មផលិតកម្ម និងយកចិត្តទុកដាក់លើការផ្លាស់ប្តូរ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងតំបន់បច្ចេកវិទ្យាខ្ពស់ជាតិសម្រាប់ទីផ្សារអន្តរជាតិ ហើយនិងខិតខំសម្រេចបាននូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនថែមទៀត

លោក វ៉ង សឺ បានថ្លែងដែរថា ក្រោមកិច្ចសហការជាមួយលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នេះ នឹងបង្កើនកម្លាំងចលករដល់វិនិយោគិនចិនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយក្នុងការលើកកម្ពស់ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមដោយប្រទេសចិន ហើយជាកាលានុវត្តភាព និងសក្តានុពលនៃការអភិវឌ្ឍដែលបានទាក់ទាញសហគ្រិន វិនិយោគិនចិនកាន់តែច្រើនឡើងដើម្បីអនុវត្តគម្រោងអាជីវកម្ម ហើយសម្រេចបានសមិទ្ធផលជាច្រើនដើម្បីចាក់បញ្ចូលបន្ថែមកម្លាំងកាន់តែរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលក្រុងស៊ិនជិន ដោយផ្តោតលើគោលបំណងសំខាន់៣