Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ​Fethullah ​Gulen​ បញ្ជាក់​ច្បាស់ៗ​ម្តង​ទៀត​ថា​ មិន​មែន​ជា​អ្នក​ជាប់​ព័ន្ធ​នឹង​រដ្ឋប្រហារ​នៅ​តួកគី

13-08-2016 14:21

(អាមេរិក)៖ លោក Fethullah Gulen ដែលរដ្ឋាភិបាលតួកគី កំពុងតែទាមទារឲ្យអាមេរិក ផ្តល់បត្យាប័ន បញ្ជូនខ្លួនត្រឡប់ទៅកាន់ប្រទេសតួកគីវិញនោះ បានបញ្ជាក់ច្បាស់ៗសាជាថ្មីថា លោកមិនមែនជាមេខ្លោង ឬសូម្បីមានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារនៅតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា នោះឡើយ។ នេះបើ តាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃសៅរ៍ ទី១៣ ខែសីហា។

លោក Gulen បច្ចុប្បន្ននេះ កំពុងតែរស់នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិកនៅឡើយ បើទោះបីជា រដ្ឋាភិបាលតួកគី បានដាក់សំណើពីរដងរួចមកហើយ មកកាន់រដ្ឋាភិបាលអាមេរិក ឲ្យបញ្ជូនខ្លួនលោក ទៅប្រទេសតួកគីក៏វិញក៏ដោយ។ លោក Gulen ធ្លាប់បានបញ្ជាក់ដូច្នេះថា «មួយជីវិតរបស់ខ្ញុំនេះ ធ្លាប់បានធ្វើការថ្កោលទោស ជាសាធារណទៅលើការលូកដៃរបស់យោធា ចូលកិច្ចការនយោបាយ ផ្ទៃក្នុង។ ប្រទេសតួកគីធ្លាប់ទទួលរងគ្រោះដោយរដ្ឋប្រហារយោធា ជាច្រើនទសវត្សរ៍មកហើយ»។

គួរបញ្ជាក់ថា ការចេញមុខប្រកែកសាជាថ្មីរបស់លោក Gulen នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល តួកគី នៅគ្រប់ច្រកល្ហក និង សូម្បីពេលប្រធានាធិបតី Tayyip Erdogan ថ្លែងអ្វីៗជាសាធារណម្តងៗ គឺតែងតែ ចោទលោក Gulen ថាជាមេខ្លោងធ្វើរដ្ឋប្រហារ ដែលតួកគីត្រូវតែចាប់យកមកកាត់ទោស រួមជាមួយនឹង ពួកផ្សំគំនិតមួយចំនួនទៀតឲ្យខាងតែបាន៕