(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានថែ្លងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរសម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំ ដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ា នៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទាំងនេះ ក៏ដោយសារតែកម្ពុជា មានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជា សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាដើម ។
បន្ថែមលើនេះ លោក យ៉ូហេ សាសាកាវ៉ា ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេស ប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀត លើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយ លោក យ៉ូហេ សាសាកាវ៉ា ជាលើកទី៤ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាង លោក យ៉ូហេ សាសាកាវ៉ា ជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃដដែលនេះ ជាពិសេសសម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រ ចំពោះគម្រោងនៃដំណើរទស្សនកិច្ចរួមគ្នារបស់ឥស្សរជនទាំងពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ ។
ទន្ទឹមគ្នានេះ សម្តេចធិបតីក៏បានថ្លែងនូវការអរគុណ ចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា នៅក្នុងវិស័យអប់រំ និងសុខាភិបាល ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើន បានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជាការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា៕