(ភ្នំពេញ)៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការបង្ហាញ មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធ៤នាក់ ដែលសមត្ថកិច្ចបានសហការបង្ក្រាបបាន នាពេលកន្លងមក មុនបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា បន្ទាប់ពីមានករណីប្លន់បាញ់ជនរងគ្រោះបណ្ដាលឲ្យរងរបួសយកម៉ូតូ១គ្រឿង Honda C125 ព័ណ៌ខ្មៅ ឆ្នាំ២០១៦ពាក់ស្លាកលេខភ្នំពេញ1FX-1645 នៅពេលដែលជនរងគ្រោះកំពុងបើកប្រាក់នៅទូATM កាលពីយប់រំលងអាធ្រាតថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងមក នៅចំណុចមុខផ្ទះលេខ២០២ កែង២០៤ផ្លូវព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដោយឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅយប់ថ្ងៃទី១០ និង១១ សីហា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមទាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កងអន្តរាគមន៍ពិសេស បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ទី១-ឈ្មោះ ចំរើន វាសនា ទី២-ឈ្មោះ គឹម ពៅ និងទី៣-ឈ្មោះ មាស សំណាង ជនត្រូវសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលសហការបង្ក្រាបបានកាលពីថ្ងៃទី១០ សីហា នៅចំណុចម្ដុំក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោកបន្ដថា ចំណែកបក្ខពួកជនត្រូវសង្ស័យម្នាក់ទៀតមានឈ្មោះ ខាត់ សុឃីម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបាននៅយប់ថ្ងៃទី១១ សីហា នៅចំណុចម្ដុំលក់ផ្កា ផ្លូវលេខ៥៩៨។
លោក អេង សោភា បានឲ្យដឹងទៀតថា «ក្នុងការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ កម្លាំងនគរបាលយើងបាន ធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា កាំភ្លើងខ្លី១ដើម ម៉ាកកា៥៤ គ្មានលេខ បង់ចំនួន១ គ្រាប់៨ និងម៉ូតូ២គ្រឿង។ ដោយឡែកម៉ូតូ១គ្រឿងទៀត Honda C125 ឆ្នាំ២០១៦ និងស្លាកលេខម៉ូតូ1FX-7862 ជាស្លាកលេខម៉ូតូម៉ាកZoomerX ជារបស់ជនរងគ្រោះ ដែលត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់ កាលពីយប់រំលងអាធ្រាតថ្ងៃ៥ និងថ្ងៃ៩ ខែសីហា ឆ្នាំ២០១៦ថ្មីៗនេះ នៅចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ២៤៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
លោក អេង សោភា បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៤នាក់នេះ គឺជាមុខសញ្ញា ដែលតែងតែ ធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូស៊េរីទំនើបៗ នៅពេលយប់ និងទាបភ្លឺ ជាច្រើនករណីក្នុងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកពួកគេបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ៣ករណីមកហើយ ដោយករណីទី១-បានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ១គ្រឿង Honda Dream C125 របស់ជនរងគ្រោះឈ្មោះ ប៊ិន ថារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរជាបុគ្គលិក សណ្ឋាគារវី ស្នាក់នៅ ផ្ទះជួលម្ដុំត្រឡោកបែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ករណីទី២-ក្រុមជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្លន់ យកម៉ូតូ១គ្រឿងទៀត ម៉ាកZoomerX ដែលជារបស់ជនរងគ្រោះឈ្មោះវ៉ង់ ស៊ីពេញ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ២៤២ ក្រុម១ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងករណីទី៣-ក្រុមជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ២គ្រឿងទៀត មួយ Honda C125 និងម៉ាកZoomerX ដែលជារបស់ជនរងគ្រោះឈ្មោះ ឃុន រតនា ភេទស្រី អាយុ១៨ឆ្នាំ មានមុខរបរអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ គ្រុយ ងួនលាង ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរបុគ្គលីកក្រុមហ៊ុន ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បច្ចុប្បន្ន ជនត្រូវសង្ស័យទាំង៤នាក់ ពាក់ព័ន្ធបទល្មើសបាញ់ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕