(ភ្នំពេញ)៖ គណបក្សនគរប្រជាធិបតេយ្យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បង្ហាញពីការស្នើសុំចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោម ការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណបក្សនគរប្រជាធិបតេយ្យ បានគូសបញ្ជាក់ថា រយៈពេលជាង៤៤ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានធ្វើជាស្នូលនៃដំណើរការបង្រួបបង្រួមជាតិ រហូតបញ្ចប់បាននូវសង្គ្រាមដ៏រ៉ាំរៃជិត ៣ទសវត្ស បង្កើតបាននូវសុខសន្តិភាពពេញលេញក្នុងក្របខណ្ឌទូទាំងប្រទេស មានការឯកភាពជាតិ ឯកភាពទឹកដី ផ្ដល់ភាពអនុគ្រោះយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលកម្ពុជាមិនធ្លាប់មានទាល់តែសោះ ប្រវត្តិសាស្ត្រចុង ក្រោយនេះ។
គណបក្សនគរប្រជាធិបតេយ្យ ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែល បានថែរក្សា មរតកជាប្រវត្តិសាស្ត្រ ជាខ្នងបង្អែកដ៏កក់ក្តៅ និងជាក្តីសង្ឃឹម ពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិ ឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង៕