(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីការស្នើសុំចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោម ការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅ រកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ។

គណបក្សកម្លាំងប្រជាធិបតេយ្យ បានគូសបញ្ជាក់ថា ខ្លួនប្តេជ្ញាការពាររដ្ឋធម្មនុញឆ្នាំ១៩៩៣ ឲ្យបានរឹងមាំថែមទៀតព្រមទាំង ប្តេជ្ញាគាំទ្រគ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពដែលសង្គមមិន អាចខ្វះបាន។

ទន្ទឹមគ្នានេះ គណបក្សកម្លាំងប្រជាធិបតេយ្យ បានមើលឃើញពីឆន្ទៈ និងគោលនយោបាយ ប្រហាក់ប្រហែលគ្នា វត្ថុបំណងស្រលាញ់ការពារសន្តិភាព រក្សាស្ថិរភាពនយោបាយដើម្បីបន្តភាពរីកចម្រើនជាលំដាប់ ដូច្នេះហើយទើបគណបក្សកម្លាំងប្រជាធិបតេយ្យ សម្រេចចិត្តស្នើសុំចងសម្ព័ន្ធភាពពុំមានការរុញរាឡើយ៕