(ភ្នំពេញ)៖ គណបក្សខ្មែរសាធារណរដ្ឋ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីការចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោម ការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណបក្សខ្មែរសាធារណរដ្ឋ បានបញ្ជាក់ថា ខ្លួនសូមចូលរួមធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រធានគណបក្ស ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងតាមរយៈការបោះឆ្នោតក្នុងអាណត្តិនីមួយៗ។
គណបក្សខ្មែរសាធារណរដ្ឋ មានគោលនយោបាយរួបរួមគ្នាគ្រប់និន្នាការនយោបាយដើម្បីសន្តិភាព និងការអភិវឌ្ឍដូច្នេះ ហើយគណបក្សខ្មែរសាធារណរដ្ឋ ពិនិត្យឃើញគោលនយោបាយបញ្ចកោណ របស់គណបក្សប្រជាជនកម្ពុជា ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ និងមាតុភូមិកម្ពុជា ឈានទៅរកការអភិវឌ្ឍកាន់តែរីកចម្រើន កត្តាដែលសំខាន់ជាងគេបំផុតគឺ «តម្លៃ នៃសន្តិភាព» គឺជាវត្ថុបំណងរបស់ប្រជាពលរដ្ឋខ្មែរ កាលណាមានសន្តិភាពទើបយើងកែលម្អបញ្ហាផ្សេងៗទៀត ដែលនៅសេសសល់ឲ្យបានកាន់តែល្អ ប្រសើរជាបន្តបន្ទាប់ ដែលត្រូវការរួបរួមគ្នាជាសំខាន់បំផុត។
គណបក្សខ្មែរសាធារណរដ្ឋបានបន្ដថា កាលពីខ្មែរយើងទទួលបានឯករាជ្យពី បារាំងថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនារបស់ ព្រះបាទសម្ដេចព្រះរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គយកការ បង្រួបបង្រួមជាតិ និងសន្តិភាពប្រមូលគ្រប់និន្នាការនយោបាយ ដើម្បីបម្រើមាតុភូមិកម្ពុជា បានរីកចម្រើនសម្បូរសប្បាយ។
ដោយឡែក គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កន្លងមក និងបច្ចុប្បន្នបានយកគោលនយោបាយ «ឈ្នះឈ្នះ» ដែលធ្វើឲ្យខ្មែរបានរួបរួមគ្នា ហើយកសាងបានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ។
គណបក្សខ្មែរសាធារណរដ្ឋ សូមចូលរួមធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងគណបក្សនយោបាយផ្សេងៗ ដែលមានទស្សនវិស័យ ស្របដូចគណបក្សខ្មែរសាធារណរដ្ឋ សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅថ្ងៃអនាគត៕