(ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា អ៊ីហ្ស៊ីខម (EZECOM) មានមោទនភាពក្នុងការចូលរួមជា Premium Sponsor របស់កម្មវិធី SEA Makerthon ឆ្នាំ២០១៦ ដែលនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។
ជ័យលាភីចុងក្រោយមួយក្រុម នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីប្រកួតប្រជែងជាមួយ អ្នកឈ្នះក្នុងតំបន់ផ្សេងទៀត នៅក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្ររបស់ SEAMNET Summit នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៦។
SEA Makerthon ជាព្រឹត្តិការណ៍ប្រចាំតំបន់បង្កើតឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងពី Brand ជាពិសេសនៅក្នុងវិស័យនិរន្តរភាពឧស្សាហកម្ម ក៏ដូចជាកសាងសហគមន៍ របស់ម៉ាកយីហោជាមួយនឹងការច្នៃប្រឌិត និងបច្ចេកវិទ្យា។ លើសពីនេះ វាក៏មានបំណងក្នុងការទាក់ទាញ Makerspaces ក្នុងតំបន់ដើម្បីចូលរួមកសាង សហគមន៍ទាំងអស់គ្នា
ជាមួយនឹងប្រធានបទ «ការរចនាពិភពលោកមួយ ដែលគ្មានកាកសំណល់» ការប្រកួតប្រជែងឆ្នាំនេះ ផ្តោតលើពិភពលោកជាមួយនឹងផលិតផលដែលមាននិរន្តរភាព និងគំរូអាជីវកម្ម។
វិធីសាស្រ្តនេះផ្អែកលើទស្សនវិជ្ជា សេដ្ឋកិច្ចសារាចរ ដែលផ្តោតសំខាន់ លើការប្រើប្រាស់ធនធាន ឲ្យកាន់តែប្រសិទ្ធិភាព និងមានគោលបំណងលើកទឹកចិត្ត ដល់អ្នកផលិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៀបចំផលិតផល សម្រាប់ដំណោះស្រាយអាជីវកម្មច្នៃប្រឌិតនាពេលអនាគត។
អ្នកចូលរួមប្រមាណ១០០ ទៅ១៥០នាក់ មកពីទីក្រុងចំនួន១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើការជាក្រុម ដើម្បីបង្កើតដំណោះស្រាយទៅលើ បញ្ហាជាក់លាក់ណាមួយ ក្នុងរយៈពេលច្នៃប្រឌិតចំនួន ៣៦ម៉ោង។ ប្រធានបទសម្រាប់ប្រទេសកម្ពុជាក្នុង SEA Makerthon គឺ «ការបង្កើតផលិតផលសម្រាប់កសិកម្ម និងសហគមន៍ជនបទ» ដោយផ្តោតលើផលិតផលឬសេវាកម្ម សម្រាប់វិស័យកសិកម្មឬសហគមន៍ជនបទ។
លោក Yves Schaeffer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ៊ីហ្ស៊ីខម មានឲ្យដឹងថា «ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនដំបូងបង្អស់ ក្នុងការបង្កើតឲ្យមានកម្មវិធីទទួលខុសត្រូវសង្គម យើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយនឹងធនធានមនុស្សដែលលេចធ្លោ និងមានជំនាញខុសៗគ្នា ក៏ដូចជាមានឱកាសស្តាប់ពីគំនិតច្នៃប្រឌិតដែលទាក់ទងនឹង circular economy ផងដែរ ហើយយើងជឿជាក់ថា គំនិតនេះនឹងជួយលើកកម្ពស់អាជីវកម្មប្រកបដោយនិរន្តរភាព និងកំណើនសេដ្ឋកិច្ចរយៈពេលវែង នាពេលអនាគត»។
លោកបន្ថែមថា «ក្នុងនាមជាអ្នកឧបត្ថម្ភធំមួយ និងជាអ្នកដាក់ពិន្ទុរបស់ព្រឹត្តិការណ៍នេះ យើងសង្ឃឹមថានឹងបានឃើញអ្នកច្នៃប្រឌិតវ័យក្មេងជំនាន់ក្រោយធ្វើការរួមគ្នា និងនាំមកនូវគំនិតអាជីវកម្មប្រកបដោយនិរន្តរភាព ដែលសមស្របទៅនឹងកាលៈទេសៈរបស់ប្រទេសយើង» ។
លោក Kongngy Hav ម្ចាស់សហគ្រាសសង្គម ផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំ និងអ្នករៀបចំកម្មវិធី Makerthon ក្នុងទីក្រុងភ្នំពេញបាននិយាយថា កម្មវិធី SEA Makerthon ត្រូវបានធ្វើឡើងជាលើកដំបូង ក្នុងប្រទេសកម្ពុជា និងផ្តល់សារៈសំខាន់សម្រាប់វិស័យកសិកម្ម បានថ្លែងថា«យើងជាប្រទេសកសិកម្ម (៧០-៨០% ជាកសិករ) ប៉ុន្តែផលិតផលរបស់យើងគឺនៅមានកម្រិត។ យើងចំណាយថវិការាប់រយលានដុល្លារក្នុងការទិញផលិតផលពីប្រទេសជិតខាង។ SEA Makerthon នឹងជួយកសិករ និងអ្នកដែលចង់ធ្វើការនៅក្នុងវិស័យកសិកម្ម ក្នុងការផលិតនូវឧបករណ៍ប្រើប្រាស់ក្នុងកសិកម្ម និងបច្ចេកវិទ្យាដែលនាំឲ្យផលិតកម្មមានភាពល្អប្រសើរជាងមុនទាំងគុណភាព និងសុវត្ថិភាព»។
លោកផ្តល់អនុសាសន៍ដល់អ្នកផលិត និងអ្នកចូលរួមទាំងអស់ថា មិនថាគំនិតរបស់ពួកគេស្ថិតក្នុងកម្រិតណានោះទេ ពួកគេគួរតែមកចូលរួមសិក្សាដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត។ លោកបន្តទៀតថា «សូមកុំផ្តោតលើដំណោះស្រាយតែមួយ ព្រោះមានវិធីជាច្រើនដែលអាចធ្វើទៅបាន ត្រូវបើកចិត្តឲ្យទូលាយ ហើយកុំផ្តោតសំខាន់លើការចាញ់ឈ្នះ ប៉ុន្តែត្រូវផ្តោតលើជំនាញ និងធនធានដែលអ្នកអាចបង្កើតផលិតផល និងសេវាកម្មរបស់អ្នកនាពេលអនាគត»។
ក្រុមហ៊ុនអ៊ីហ្ស៊ីខម ត្រូវបានបង្កើតឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តាសហគ្រាសអាជីវកម្មទាំងឡាយ ព្រមទាំងអ្នកប្រើប្រាស់នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើង យ៉ាងឆាប់រហ័សក្នុងទីផ្សារកម្ពុជា។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ អ៊ីហ្ស៊ីខម បានក្លាយខ្លួនជាអ្នកនាំមុខគេមួយ ក្នុងការផ្គត់ផ្គង់សេវាកម្មផ្នែកទំនាក់ទំនងថ្មីៗយ៉ាងសម្បូរបែប។
ក្រុមហ៊ុនអ៊ីហ្ស៊ីខម ផ្តល់នូវសេវាខ្សែកាប្លិ៍អុបទិក ការទំនាក់ទំនងជាសំឡេងតាមអ៊ីនធឺណិត (VoIP) ការតភ្ជាប់ក្នុងស្រុក (VPN) និងដំណោះស្រាយតាមអ៊ីនធឺណិត និងទូរគនាមគមន៍ ដទៃទៀត។ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានទិញយកក្រុមហ៊ុនខ្សែកាប្លិ៍អុបទិក Telcotech ដែលនឹងនាំមកនូវសេវាអ៊ីនធឺណិតដែលមានល្បឿនលឿន និងទុកចិត្តបំផុតមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ តាមរយៈការបង្កើតខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕