(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជន នៅតំបន់កោះថ្ម X១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីតាមបែបសាសនានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ-មេបញ្ជាការរង និងកងកម្លាំងកងរាជអាវុធហត្ថ ទាំង២៥រាជធានី-ខេត្ត លោក ណុប ឡង់ឌី អភិបាលរងខេត្តត្បូងឃ្មុំ កងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ អាជ្ញាធរស្រុកមេមត់ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងថ្នាក់ដឹកនាំ-កងកម្លាំងទាំង៣ និងយុវជន ស.ស.យ.ក បានអញ្ជើញអុជធូបនៅប្រាង្គព្រះអង្គប្រក់នាគគោកធ្លក រួចបន្តទៅដាក់កម្រងផ្កា និងអុជធូបនៅមហាចេតិយ ធ្វើការស្មឹងស្មាតសម្រួមកាយ គោរពដួងវិញ្ញាណក្ខន្ធយុទ្ធជនកងកម្លាំងប្រដាប់អាវុធ។
នាយឧត្តមសេនីយ៍ សៅ សុខា រួមទាំងអ្នកចូលរួមក្នុងពិធីនោះទាំងអស់ បានអញ្ជើញថ្វាយគ្រឿងសក្ការៈថ្វាយដល់ព្រះរតនត្រៃយ ព្រមទាំងនិមន្តព្រះសង្ឃប្រារព្ធពិធីតាមបែបសាសនា សូត្រមន្ត បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសដែលបានពលីជីវិត បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបូរណភាពទឹកដី និងរំដោះប្រទេសជាតិឲ្យរួចផុតពីរបបអាវខ្មៅ ក្នុងដំណើររបស់សមមិត្ត ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ៕