(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យចូលរួមពិធីបុណ្យកាន់បិណ្ឌវេន១២ នៅវត្តវេឡុវនោទ្យាន (ស្វាយចេក) ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានចែកឋាន ទៅកាន់លោកខាងមុខនិងសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមគ្រួសារបាននាំយកនូវចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ចំនួន ២៦វត្តក្នុងស្រុកស្វាយចេក រួមមាន អង្ករ ២៨០០គីឡូក្រាម មី១១០កេស ទឹកក្រូច១១០កេស ទឹកបរិសុទ្ធ១១០កេស ទឹកស៉ីអ៉ីវ១១០យួរ ទឹកត្រី១១០យួរ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ៦៦អង្គ និងព្រះសង្ឃទាំង២៦វត្ត សរុបរួមជាទឹកថវិកាចំនួន៧០លាន៨១៥ពាន់០០០រៀល។

ក្នុងឱកាសនេះដែរ លោក កែ គឹមយ៉ាន និងលោកស្រីបានជូនអំណោយដល់លោកតាលោកយាយ តាជី យាយជី និងប្រជាពលរដ្ឋចំនួន ១៦០នាក់ ក្នុងម្នាក់ទទួលបាន មី១កេស ទឹកស៉ីអ៉ីវ១យួរ ទឹកត្រី១យួរ ទឹកក្រូច១.៦លីត្រ ២ដប បំពង់ទឹកក្ដៅ១ សារ៉ុង១ និងថវិកា ២០,០០០រៀលផងដែរ៕