(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកស្រី ង៉ែត សុភា និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តរាជាមុនីរតនារាម (ហៅវត្តរាជានុកូល គីឡូ ០៤) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ការចូលរួមកាន់បិណ្ឌនេះគឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ផ្គង់ព្រះសង្ឈគង់ចាំព្រះវស្សា និងប្រមែប្រមូលផល្លានិសង្ឃ ដែលកើតចេញពីសទ្ធាចិត្តជ្រះថ្លាលើកឧទ្ទិស ជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោកនាយជាដើម។

ក្រៅពីរាប់បាតប្រគេនចង្ហាន់ដល់ព្រះសង្ឃ លោក ឈាង ឡាក់ និង លោកស្រី ង៉ែត សុភា រួមទាំងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក៏បាននាំបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងនូវសមិទ្ធផលនានា ក្នុងវត្តជាកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនាផងដែរ។

នាឱកាសនោះលោក ឈាង ឡាក់ បានលើកឡើងថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដែលទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

យ៉ាងណាក៏ដោយលោកប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងបន្តថា ការដែលយើងមានឱកាសជួបជុំគ្នាធ្វើបុណ្យ ជាពិសេសបុណ្យកាន់បិណ្ឌនាពេលនេះ គឺដោយសារប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍផងដែរ។

បេីតាមព្រះសមណបុត្ត ហឿន វណ្ណ: ព្រះវិន័យធរគណខេត្តស្ទឹងតង និងជាព្រះចៅអធិការវត្ត រាជាមុនីរតនារាម មានសង្ឃដីកាបញ្ជាក់ថា វត្តរាជាមុនីរតនារាមនេះ គឺជាវត្តកូនពៅ នៅក្នុងក្រុងស្ទឹងត្រែង ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២១ ក្រោយពីបង្កើតមកបានដល់សម័យកូវីដ ទើបធ្វើឲ្យវត្តរាជាមុនីរតនារាម មិនមាននូវលទ្ធផលអីជាដុំកំភួន បច្ចុប្បន្នវត្តនេះ ក៏កំពុងតែ រៀបចំទីឃ្លា ពង្រីកដីវត្តបន្ថែម។ ទន្ទឹមនិងនេះដែរ ព្រះចៅអធិការវត្ត សំណូមពរលោកលោក លោកស្រី ដែលជាសប្បុរសជនជិតឆ្ងាយ ចូលរួមជាបច្ច័យ ដើម្បីទិញដីពង្រីកដីវត្ត នឹង សមិទ្ធផលនានា ក្នុងវត្តរាជាមុនីរតនារាមបន្តទៀត។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសលោក ឈាង ឡាក់ និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងចូលរួមកាន់បិណ្ឌវេនទី ១២  លោកប្រធានក្រុមប្រឹក្សាខេត្តបានប្រគេន គ្រឿងឧបភោគបរិភោគ និង បច្ច័យចំនួន ៨.៣៤០.០០០ រៀល នឹង ១០ដុល្លារ៕