(ភ្នំពេញ)៖ ពេញមួយថ្ងៃ នៃថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ជាមួយក្រុមហ៊ុនទឹកពិសាវីតាល់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀត រួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២៣ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

កម្មវិធីនេះ ជាកម្មវិធីលើកទី១៧ គិតចាប់ពីឆ្នាំ២០០៩ ដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំឡើង ក្នុងគោលបំណង បំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាម ប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនគិតកម្រៃ ដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាម ជួយដល់ជីវិតអ្នកជំងឺ កំពុងត្រូវការឈាម ជាចាំបាច់នៅតាមមន្ទីរពេទ្យនានា នៃព្រះរាជាណាចក្រកម្ពុជា ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា, លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនាំ តំណាងដៃគូ ព្រមទាំង សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិត អ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម ប្រមាណជាង៤០០នាក់។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានបង្ហាញការចាប់អារម្មណ៍ ដោយផ្តើមចេញពីអនុស្សាវរីយ៍ដែល វីតាល់ និងសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលធ្វើការជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៣មក ដែលវីតាល់បានក្លាយជាដៃគូ របស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ក្នុងការចូលរួមឧបត្ថម្ភទាំងស្រុង សម្រាប់ការរៀបចំកម្មវិធី ទទួលយកអំណោយឈាម ពីសិស្សនិស្សិត និងសប្បុរសជន ជារៀងរាល់ឆ្នាំ ។

លោកស្រី បានបន្ថែមថា វីតាល់ បានបន្តផ្តល់នូវការគាំទ្រ ដល់សកម្មភាពសង្គមនេះ ដោយដាក់ចេញនៅអាទិភាពការងារ មិនត្រឹមតែផ្តល់ជូននូវទឹកពិសា និងផលិតផលដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យ ប៉ុណ្ណោះទេ តែការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់ បានចាត់ទុកជាអាទិភាពផងដែល ។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារមានការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដែលជានិច្ចកាលតែងតែបន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឲ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបតម្រូវការសង្គម លើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដប្រកបក្តីមេត្តាករុណា និងមិនគិតកម្រៃ របស់អ្នកបរិច្ចាគឈាម ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងកោតសសើរជូនចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងសប្បុរសស្ម័គ្រចិត្តផ្តល់អំណោយឈាម ទាំងអស់ដែលមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាមជាទៀងទាត់ ដែលទង្វើនេះបានបង្ហាញ យ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាព របស់យុវជនខ្មែរជំនាន់ថ្មី ដែលជាវប្បធម៌ចែករំលែក តាំងពីសម័យមុនៗ របស់ខ្មែរយើង ដែលគប្បីបន្តអនុវត្ត ឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើងបច្ចប្បន្ននេះ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីតាល់, មីជាតិ មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ព្រមទាំងដៃគូទាំងអស់ នៃកម្មវិធីបរិច្ចាគឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែម ដល់តម្រូវការឈាមជាចាំបាច់។

លោកស្រី ពុំ ចន្ទីនី ក្នុងនាមអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសម្ដែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំ និងបង្ហាញការគាំទ្រ ចំពោះសកម្មភាពទទូលយកអំណោយឈាមនេះ និងសូមលើកចិត្តទាំងអស់គ្នា ចូលរួមបង្កើនការគាំទ្រសកម្មភាពនេះ ជាប្រចាំ និងសូមជូនពរ ឲ្យដំណើរការបរិច្ចាគឈាមបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា និងជាបុណ្យកុសល ។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា ក្រោយស្ថានភាព នៃសង្គមយើងមានសភាពវិលត្រលប់ មកកាន់ប្រក្រតីភាពថ្មីវិញ គួបផ្សំជាមួយយុទ្ធសាស្រ្តចាក់វ៉ាក់សាំង របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការឆ្លើយតប នឹងការណែនាំ របស់ក្រសួងសុខាភិបាល ។ សាកលវិទ្យាល័យបានបន្តប្រតិបត្តិនៅវប្បធម៍ នៃការរៀបចំកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ-បុគ្គលិក និងនិស្សិត នៅបរិវេណសាកលវិទ្យាល័យ ដូចសព្វមួយដង និងអត្រា នៃការចូលរួមរបស់និស្សិត កាន់តែច្រើនទៅៗក្នុងមួយឆ្នាំៗ បន្ថែមពីនេះ លោកក៏សូមកោតសសើរ និងថ្លែងអំណរគុណដល់ វីតាល់ មីជាតិ ដែលបាបចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុង ដល់ដំណើរការរៀបចំតាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់ មជ្ឈមណ្ឌលពិតជាមានកិត្តិយស ក្រៃលែងដោយបានរួមសហការ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រុមហ៊ុនវីតាល់ របស់រយៈពេល១០ឆ្នាំមកហើយក្នុងការ លើកកម្ពស់ការចលនានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយគោលបំណង ធានាឲ្យបាននូវការផ្គត់ផ្គង់ឈាម ប្រកបដោយសុវត្ថិភាព ក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។

គួររំលឹកផងដែរថា កម្មវិធីបរិច្ចាគឈាមដែល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសហការជាមួយ វីតាល់ ក្នុងការរៀបចំតាំងពីឆ្នាំ២០១៣ មកកម្មវិធីទទួលបានអ្នកបរិច្ចាគឈាម សរុបជាង៤០០០នាក់មកហើយ ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងក្រុមហ៊ុន វីតាល់ ដែលមានមូលនិធិ២៥៛ នឹងបន្តរក្សានូវមូលដ្ឋាន នៃការឧបត្ថម្ភគាំទ្រ ក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ត ពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមបន្ទាន់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
វីតាល់មោទនភាព ផលិតផលជាតិ៕