(ព្រៃវែង)៖ ក្រោយពីទទួលបានការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានចាត់មន្ត្រីជំនាញ ចុះអនុវត្តវិធានការបច្ចេកទេសនានាជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លង់រីករាលដាលនៃជំងឺផ្តាសាយបក្សី ដែលបានកើតមាននៅភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យបណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែងបានឲ្យដឹងថានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះថា មន្ទីរកសិកម្មនិងរដ្ឋបាលខេត្តព្រៃវែង បានដឹកនាំនឹង ដាក់ចេញនូវវិធានការបន្ទាន់ឲ្យក្រុមការងារអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កងកម្លាំងមានសមត្ថកិច្ច បានអនុវត្តន៍ការងារបន្ទាន់ នៅភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ ដែលកើតមានជំងឺផ្តាសសាយបក្សី លើក្មេងអាយុ២ឆ្នាំម្នាក់ បណ្តាលឱ្យស្លាប់ មានដូចខាងក្រោម៖

*ទី១៖ បានយកសំណាកសត្វមាន់ចំនួន ៦ក្បាល (ក្នុងនោះយកសំណាកលើបំពង់ខ្យល់ ៦សំណាក, ក្លូអាក់ ៦សំណាក, ឈាម ២សំណាក និងបក្សីងាប់ចំនួន ៦សំណាក)។

*ទី២៖ សម្លាប់ និងដុតកម្ទេចចោលបក្សីចំនួន ៦ក្បាលរបស់គ្រួសារឈ្មោះ អ៊ុច ឡី (២ក្បាល) និង គ្រួសារ ស៊ិន ភាន (៤ក្បាល) និងណែនាំអំពីជំងឺផ្តាសសាយបក្សី។

*ទី៣៖ ចំពោះគ្រួសារមានកុមារីស្លាប់ ក្រុមការងារ បានអនុវត្តវិធានបសុព្យាបាលរួមមាន បាញ់ថ្នាំសម្លាប់មេរោគ សម្លាប់បក្សីដែលនៅសល់ ១ក្បាល និងធ្វើការណែនាំពីជំងឺ។

*ទី៤៖ កំណត់យុទ្ធសាស្រ្តតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលមាន ១៤គ្រួសារ (ក្នុងភូមិសរុប ១៨០គ្រួសារ ដែលមានបក្សីសល់ ៧១២ក្បាល) ដែលមានចំនួនបក្សីសរុបប្រមាណ ៣១៥ក្បាល (មាន់ធំ ១៤៥ក្បាល មាន់តូច ១៧០ក្បាល)។ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ បក្សីទាំង ៣១៥ក្បាលនេះនឹងធ្វើការកម្ទេច (យុទ្ធសាស្រ្តវិធានបសុពេទ្យ)។

*ទី៥៖ ធ្វើការផ្សព្វផ្សាយអំពីជំងឺផ្តាសសាយបក្សីនៅតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលបានចំនួន ២កន្លែង (កន្លែងទី១ មានកសិករអ្នកចិញ្ចឹមសត្វចំនួន ៣៥នាក់ ក្នុងនោះស្រី ២៥នាក់ និងកន្លែងទី២ មានកសិករចិញ្ចឹមសត្វចូលរួមចំនួន ២៣នាក់ ក្នុងនោះស្រី ២១នាក់)។

*ទី៦៖ បានបាញ់ថ្នាំសម្លាប់មេរោគដល់គ្រួសារកសិករក្នុងភូមិខាងលើបានចំនួន ១០៨ លើ១៣០ខ្នងផ្ទះ។

*ទី៧៖ បានអនុវត្តនូវវិធានការបសុពេទ្យ កម្ទេចនៅតំបន់យុទ្ធសាស្រ្តខាងលើបានចំនួន ២៥២ក្បាល និងចំនួនដែលនៅសល់ មន្ត្រីជំនាញដែលចូលរួមទាំងអស់កំពង់តែធ្វើការសម្របសម្រួលជាមួយម្ចាស់សត្វ ដើម្បីអនុវត្តវិធានការបសុពេទ្យជាបន្តដើម្បីកាត់បន្ថយប្រភពចម្លងឱ្យបានជាអតិបរិមា៕