(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការពារជាតិ​។

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ២០២៣នេះ។ យោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់​សម្តេច​ធិបតី បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការ​ស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ដែលជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ។

ក្នុងជំនួបនេះ លោក ង្វៀន ហ៊ុយតាំង បានអបអរសាទរសារជាថ្មីជូនសម្តេចធិបតី ដែលទទួលបានការគាំទ្រដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី និងជូនពរសម្តេចធិបតី ទទួលបាននូវជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់​វិស័យ​របស់ប្រទេសកម្ពុជា ជាពិសេសក្នុងរយៈកាលចុងក្រោយនេះ រួមមានការគ្រប់គ្រងប្រកប​ដោយ​ប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ី​អាគ្នេយ៍​លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ល។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងភាពសប្បាយរីករាយចំពោះទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយរដ្ឋាភិបាល​វៀត​ណាម បេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់នៅគ្រប់កម្រិត ជា​ពិ​សេស​​វិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសម្លឹង​មើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត។ បន្ថែមពីនេះទៀត លោកឯកអគ្គរដ្ឋទូត​វៀត​ណាម បានបង្ហាញគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការ​នៅក្នុងប្រទេស​វៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ ។

ក្នុងជំនួបនេះ ក៏បានពិភាក្សាផ្តោតជាសំខាន់លើយន្ត​ការ​ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់​តែ​ជិត​ស្និទ្ធ និងរឹងមាំបន្ថែមទៀត៕