(ភ្នំពេញ)៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានចាញ់បោកជនបោកប្រាស់ ហៅទៅបង្ខំឲ្យផឹកស៊ីច្រៀងរាំ នៅក្នុងបន្ទប់ខារ៉ាអូខេយីហោ «បុប្ផាជាយដែន» ដែលមានទីតាំងផ្លូវលេខ៩៩សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៦ អស់ប្រាក់ជាង៥០០ដុល្លារ ហើយនាំគ្នារត់គេចអស់់ ទុកឪកាសឲ្យម្ចាស់ហាង ចាប់បុរសអ្នករត់ម៉ូតូឌុប ដកហូតយកម៉ូតូម៉ាកសេ១២៥ និងអត្តសញ្ញាណប័ណ្ឌ ទុកជិត១ខែមកហើយ នៅមិនមិនព្រមឲ្យម្ចាស់វិញឡើយ ទោះបីជានគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ទៅជួយសំរបសំរួល សងប្រាក់ចំនួន៣០០ដុល្លារក៏ដោយ។
ជុំវិញរឿងរ៉ាវខាងលើនេះ ម្ចាស់ហាង «បុប្ផាជាយដែន» បាននិយាយថា ជាទម្លាប់របស់ក្រុមហ៊ុនខ្លួន គឺត្រូវតែឃាត់ម៉ូតូ ឬរថយន្តភ្ញៀវទុកសម្រាប់កាត់កងថ្លៃផឹកស៊ី មិនថាភ្ញៀវណា ជាភ្ញៀវណាឡើយ។
ចំពោះករណីនេះ មន្ត្រីមូលដ្ឋានលួចបង្ហើបថា ជាល្បិចរបស់ម្ចាស់ហាង និងជនខិលខូច ដែលតែងតែធ្វើសកម្មភាពដូចរូបភាពខាងលើនេះ ជាញឹកញាប់ ហើយម្ចាស់ហាង មិនដែលផ្តល់ដំណឹងដល់មន្រ្តីមូលដ្ឋានឡើយ។ ប្រភពពីអ្នកច្បាប់មួយរូប សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា នេះជាបទផ្សំគំនិតគ្នា រវាងម្ចាស់ហាង និងជនខិលខូច ហើយអាចមានទោស ប្រឈមចំពោះមុខច្បាប់។
សូមបញ្ជាក់ថា រឿងរ៉ាវខាងលើនេះ បុរសអ្នករត់ម៉ូតូឌុប ត្រូវបានជនបោកប្រាស់ម្នាក់ ធ្លាប់ជាម៉ូយជិះម៉ូតូឌុបបានស្គាល់គ្នា ដោយសារម៉ូយម៉ូតូឌុប តែមិនស្គាល់អាសយដ្ឋាន បានហៅឌុបទៅផឹកស៊ីនៅហាងខាងលើ ហើយនិយាយថា ចាំផឹកស៊ីចប់ ចាំយកលុយ ព្រោះម្ចាស់ហាងជាបងប្អូនគាត់ទេ។ ដោយសារបញ្ហានេះគាត់(បុរសអ្នករត់ម៉ូតូឌុប) ក៏ចេះតែអង្គុយចាំក្នុងបន្ទប់ខារ៉ាអូខេនោះ លុះចុងក្រោយវ័នក ម្នាក់ឯង។
ប្រភពព័ត៌មាន ករណីខាងលើនេះ បើម្ចាស់ហាងនៅតែមិនព្រមយោគយល់ ដល់ម្ចាស់ម៉ូតូឌុប ដែលចាញ់បោកគេទេនោះ នឹងមានមេធាវីអង្គការជួយរៀបចំឯកសារ ប្តឹងម្ចាស់ហាងខាងលើទៅតាមផ្លូវច្បាប់ ព្រោះរូបគាត់រត់រកខ្ចី និងចងការប្រាក់គេពេញភូមិ ហើយរកលុយបានតែ៣០០ដុល្លាប៉ុណ្ណោះ ដើម្បីយកមកលោះម៉ូតូ។
ជុំវិញការចោទប្រកាន់នេះ Fresh News បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទជាច្រើនដង ដើម្បីសុំការបំភ្លឺពីម្ចាស់ហាង «បុប្ផាជាយដែន» នៅព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦នេះ ប៉ុន្តែទូរស័ព្ទចូល គ្មានអ្នកទទួល និងចុចបិទតែម្ដង៕