(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង លោក យូហេ សាសាកាវ៉ា ប្រធាន Nippon Foundation បានបង្ហាញអំពីបំណងរួមគ្នា ក្នុងការរួមដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាពេលខាងមុខ។

ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អនុញ្ញាតឲ្យ លោក យូហេ សាសាកាវ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបនេះ លោក យូហេ សាសាកាវ៉ា បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព នៃការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាម ធ្លាប់មានវិបត្តិធ្ងន់ធ្ងរ ធ្លាប់មានបញ្ហាស្មុគស្មាញជាច្រើន មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍជឿនលឿនដ៏អស្ចារ្យ។

ក្នុងជំនួបគ្នានោះដែរ ភាគីជប៉ុន ស្នើសុំសម្តេចតេជោធ្វើការចែករំលែកនូវរាល់ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យរូបលោកចងក្រងជាឯកសារ នៃការដឹកនាំរបស់សម្តេច ដើម្បីឲ្យពួកគាត់បានអានទុកជាមេរៀន សម្រាប់ជីវិតរបស់ពួកគាត់។

ជំនួបគ្នានោះដែរ ក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ារ រួមទាំងកិច្ចខិតខំប្រឹងប្រែង និងទឹកចិត្តរបស់សម្តេចតេជោ ដែលចង់ឲ្យមីយ៉ាន់មារមានស្ថានភាពល្អប្រសើរឡើងវិញ។ ជារួមភាគីជប៉ុន បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់សម្តេចតេជោ ជាតួអង្គសំខាន់ ដែលអាចផ្តល់ នូវភាពល្អប្រសើរដល់មីយ៉ាន់ម៉ារបាន ដោយសាអ្វីដែលមីយ៉ាន់ម៉ារកំពុងជួបប្រទះនោះ គឺកម្ពុជាធ្លាប់ជួបកន្លងមកហើយ ប៉ុន្តែសម្តេចតេជោបានប្រែក្លាយបញ្ហាទាំងអស់នោះ មកកាន់សន្តិភាពដ៏ល្អប្រសើរ។

ក្នុងជំនួបគ្នានោះ សម្តេចតេជោ និងលោក យូហេ សាសាកាវ៉ា បានឯកភាពគ្នា និងមានបំណងរួមដំណើរជាមួយគ្នា ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារនាពេលខាងមុខ ដែលនេះគឺជាការប្តេជ្ញាចិត្តរួមគ្នារបស់មេដឹកនាំទាំងពីរ ក្នុងការឯកភាពគ្នា មានបំណងរួមដំណើរគ្នាទៅបំពេញទស្សនកិច្ចនៅមីយ៉ានម៉ារ៕