(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងលោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី រួមញាតមិត្តជិតឆ្ងាយ ប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១២ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងពុទ្ធបរិស័ទទាំងអស់ បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លាជាទីបំផុត។
នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចំនួន៧ លានរៀល ទុកសម្រាប់កសាងសមិទ្ធិផល នានាក្នុងវត្ត និង បានប្រគេនបច្ច័យព្រះសង្ឃ៧អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ១០ម៉ឺនរៀល។ដោយឡែក យាយជី តាជី១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល។
ចំពោះទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដែលបានប្រគេន ព្រះសង្ឃក្នុងវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង រួមមាន៖ អង្ករ៦បេ ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់ចំនួន១កេសធំ ស្ករសរ១បេ តែ៥គីឡូក្រាម ត្រីខ១កេសធំ មីម៉ាម៉ា១កេសធំ ប៊ីចេង១កេស ផ្លែឈើ៥កន្ត្រក បូកនិងផ្លែឈើ១កេសធំ និងនំ១កេសធំផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៤រោច ដែលមាន រយៈ ពេល១៤ថ្ងៃ ហៅថាបុណ្យកាន់បិណ្ឌ នៅថៃ្ង១៥រោច គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភព៕