(ព្រៃវែង)៖ ក្រោយពីរមានករណីរកឃើញ ជំងឺផ្តាសាយបក្សី (H5N1) ដែលកើតលើកុមារី អាយុ ២ឆ្នាំម្នាក់ រស់នៅក្នុងភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បណ្ដាលឱ្យស្លាប់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។ 

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីត្រៀមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺផ្ដាសាយបក្សីក្នុងទឹកដីនៃខេត្តព្រៃវែង។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោក សួន សុម៉ាលីន បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះអប់រំណែនាំផ្សព្វផ្សាយ និងទប់ស្កាត់រាល់ការចល័តសត្វពីតំបន់មួយទៅតំបន់មួយ និងធ្វើការយកសំណាក់ទៅពិនិត្យដើម្បីបង្កាទប់ស្កាត់រាលដាលឆ្លងនៃជំងឺផ្តាសាយបក្សី ពីតំបន់មួយទៅតំបន់មួយ និងពីសត្វទៅមនុស្ស។

ជាគ្នានេះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី ពីបក្សីទៅបក្សី ពីបក្សីទៅមនុស្ស និងក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំដល់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១៖ ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែងប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី នឹងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើតការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងខេត្ត និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណី សង្ស័យមានជំងឺផ្ដាសាយបក្សី។

ទី២៖ ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែម ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។

ទី៣៖ ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិផលបក្សីខុសច្បាប់ដែលឆ្លងកាត់ការច្រកទ្វាព្រំដែន និង នាំចេញចូលទាំងក្រៅរខេត្ត នឹងក្នុងខេត្ត ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋាន ពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។

ទី៤៖ រាល់ការចរាចរបក្សី និងផលិតផលពីបក្សី ពីតំបន់ដែលមានផ្ទុះជំងឺផ្តាសាយបក្សី ឬសង្ស័យមានជំងឺ ផ្ដាសាយបក្សី អាជ្ញាធរមានសមន្តកិច្ច ត្រូវធ្វើការត្រូតពិនិត្យឱ្យហ្មងចង់ស្របតាមបទដ្ឋានបច្ចេកទេស ។

ទី៥៖ ត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋាន ចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាពក្នុងចិញ្ចឹមបក្សី ពេលចរាចរដឹកជញ្ជូនបក្សី និងផលិតពីបក្សី សកម្មភាពពិឃាតបក្សី និងកន្លែងតាំងលក់នៅទីផ្សារ ជាពិសេសផលប៉ះពាល់នៃជំងឺផ្តាសាយបក្សី និងវិធានការពារជំងឺផ្តាសាយបក្សី។

ទី៦៖ ធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ មិនត្រូវបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់បសុបបក្សីសម្រាប់បរិភោគត្រូវចំអិនឱ្យបានឆ្អិនល្អ និងត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ  និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបសុបបក្សី។

*៧, ករណីសង្ស័យមានជំងឺផ្តាយបក្សី ឬប្រជាពលរដ្ឋមានអាការៈគ្រុនក្ដៅលើសពី ៣៨.៥ អង្សារសេ ក្អកពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយបសុបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមធ្វើការទំនាក់ទំនង ឬ រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។

នៅក្នុងនោះផងដែរ លោក អ៊ុក សំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាមលោក និងក្រុមការងារព្រមទាំងមន្ត្រីជំនាញបានចុះទៅដល់ទីតាំងផ្ទាល់តែម្ដងតាំងពីម៉ោង ៤ ទៀបភ្លឺដើម្បីយកសំណាក់សត្វទាំងអស់នោះដើម្បីធ្វើតេសរក ជំងឺផ្តាសាយបក្សីនេះ។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានបន្តថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាមនៅវេលាម៉ោង ២០និង១៥នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យក្រុម RRT-PHD-OD-HC ស្មោងត្បូង ចុះទៅបញ្ជាក់ករណី និងស្វែងរកផ្ទះកុមារដែលបានស្លាប់ដើម្បីសាកសួរបញ្ជាក់។តាមការសាកសួរ ក្រុមគ្រួសារកុមារដែលបានស្លាប់បង្ហាញថានៅផ្ទះកុមារមានមាន់ងាប់ៗជាហូរហែពិតមែន។

ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាក្រុមការងារ RRT-PHD-OD-HC បានរៀបចំក្រុមការងារចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការការពារតាមរយៈការចែកខិតប័ណ្ណ អប់រំផ្ទាល់ មីក្រូចល័ត និងដាក់ប៉ុស្តិ៍សុខភាពដើម្បីតាមដានបន្តចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះក៏មានការចូលរួមសហការយ៉ាងសកម្មពីលោកអភិបាលស្រុក មេភូមិ មេឃុំផងដែរ៕