(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញគោលបំណងចង់ចូលរួមធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានស្ដាប់នូវសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យ៉ាងយកចិត្តទុកដាក់រួចហើយនោះ។

តាមរយៈសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណបក្សសញ្ជាតិកម្ពុជា បានរៀបរាប់យ៉ាងដូច្នេះថា៖

«ក្រោយពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ នូវសារសំលេងដ៏មានសារៈសំខាន់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លង មកនេះ គណបក្សសញ្ជាតិកម្ពុជា មានគោលបំណងចូលរួមធ្វើសម្ព័ន្ធភាពជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរួបរួមគ្នាការពារ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងរួមគ្នាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងតាមរយៈការបោះឆ្នោតក្នុងអាណត្តិនីមួយៗ។

គណបក្សសញ្ជាតិកម្ពុជា មានគោលនយោបាយស្រដៀងគ្នាជាមួយគណបក្សប្រជាជន កម្ពុជា និងជាពិសេស "តម្លៃសន្តិភាព" គឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវការចូលរួម ការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីរក្សាស្ថិរភាពនយោបាយ និងធ្វើឲ្យប្រទេសកម្ពុជាបន្តការអភិវឌ្ឍរីក ចម្រើនជាលំដាប់។

គណបក្សសញ្ជាតិកម្ពុជា សូមអំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះ បញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅថ្ងៃអនាគតដ៏ ត្រចះត្រចង់ខាងមុខនេះ»៕