(រតនគិរី)៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន បានថ្លែងថា សម្តេចតេជោ ខិតខំស្វែងរកទីផ្សារកសិកម្ម ជូនបងប្អូនកសិករ ខុសពីបក្សប្រឆាំងដែលតែងតែអំពាវនាវឲ្យសហគមអឺរុប ធ្វើបាបដល់ខ្មែរ ធ្វើឲ្យសង្គមខ្មែរចលាចល។ ការថ្លែងបែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅស្រុកបរកែវ ខេត្តរតនគិរី។
ក្នុងពិធីនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ អំពីផលវិបាកនៃសង្រ្គាមធ្វើឲ្យសង្គមជាតិយើងវិនាសហិនហោច និងបន្សល់ទុកនូវ ការបែកបាក់សង្គមបែកបាក់គ្រួសារ និងពិការភាព។
លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានអាជ្ញាធរមីន បានកោតសរសើរអំពីវីរៈភាព ដែលបងប្អូនបានលះបង់ជូនជាតិមាតុភូមិ ហើយសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ អំពីជីវភាពរស់នៅរបស់បងប្អូនជានិច្ច ជាក់ស្តែងថ្ងៃនេះ សម្តេចតេជោ បានបញ្ជូនក្រុមការងារចុះមកសំណេះសំណាល សួរសុខទុក្ខបងប្អូននៅទីនេះ ហើយសម្តេចតេជោ ខិតខំស្វែងរកទីផ្សារកសិកម្មជូនបងប្អូនកសិករ ខុសពីបក្សប្រឆាំង ដែលតែងតែអំពាវនាវឲ្យសហគមអឺរុប ធ្វើបាបដល់ខ្មែរ ធ្វើឲ្យសង្គមខ្មែរចលាចល ដើម្បីប្រយោជន៍ផលខ្លួនរបស់ក្រុមខ្លួន។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថា «ត្រូវរួបរួមគ្នាបន្តគាំទ្រ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីឲ្យសម្តេចតេជោ បន្តអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យបានរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត»៕