(ភ្នំពេញ)៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចំនួន១០ថ្ងៃនេះ មានភ្លៀងធ្លាក់ជោគជាំនៅតាមឃុំ សង្កាត់មួយចំនួនបង្កជាទឹកជន់ ព្រមទាំងស្ថានភាពសម្ភារ បរិក្ខារ កុំព្យូទ័រ សម្រាប់បម្រើឱ្យការចុះឈ្មោះបោះឆ្នោតមាន សភាពចាស់នាំឱ្យមានការរអាក់រអួលខ្លះ ប៉ុន្តែ គ.ជ.ប មានវិធានការដោះស្រាយបានទាន់ពេលវេលា។

ការឱ្យដឹងបែបនេះរបស់លោក ឌុច សុន បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នៅព្រឹកថ្ងៃទី១១​ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការ គ.ជ.ប។

ចំពោះស្ថានភាពទឹកភ្លៀង និងទឹកជន់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា ការចាប់ផ្តើមចុះឈ្មោះដំបូង និងឃុំ សង្កាត់ ខ្លះទៀតក្នុងខេត្តមួយចំនួនមានទឹកជន់ក៏ដោយ ប៉ុន្ដែមិនបានធ្វើឱ្យរាំងស្ទះដល់ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ ជារួមដំណើរការនៃការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី និងមានភាពរលូនល្អ។

បន្ថែមពីនេះ លោក ឌុច សុន បានបញ្ជាក់ថា ស្ថានភាពសម្ភារ បរិក្ខារកុំព្យូទ័រមានដំណើរការរអាក់រអួលខ្លះ ទាំងនេះបណ្តាលមក ពីសម្ភារទាំងនោះមានសភាពចាស់ ព្រោះបានប្រើប្រាស់យូរឆ្នាំកន្លងមក ជាហេតុនាំឱ្យក្រុមចុះឈ្មោះបោះឆ្នោតមានការលំបាកក្នុងការប្រតិបត្តិការងារ។ ប៉ុន្តែត្រូវបានដោះដូរជាមួយសម្ភារ បរិក្ខារបម្រុង សម្ភារខ្លះភ្ជាប់ឧបករណ៍ម្តងស្គាល់ ម្តងមិនស្គាល់ តម្រូវឱ្យធ្វើការ Restart កុំព្យូទ័រ ជាច្រើនលើកច្រើនសារទើបអាចដំណើរការឡើងវិញបាន។

លោក ឌុច សុន បានបន្ថែមថា បើទោះបីជាស្ថិតក្នុងស្ថានភាពដូចខាងលើនេះក៏ដោយ ក៏ក្រុមការងារបច្ចេកទេសនៃ គ.ជ.ប បានធ្វើការសម្របសម្រួលដោះស្រាយបញ្ហានេះបានទាន់ពេលវេលាផងដែរ។ ដោយឡែយសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ចំពោះសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេសប្រព្រឹត្តទៅបានល្អប្រសើរ ដោយមានការសហការបរាំងខ្ជាប់ខ្ជួនជាមួយគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។

គួរឱ្យដឹងថា រយៈពេល ៩ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ១០៦,២៧០នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី៕