(ពោធិ៍សាត់)៖​ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់កងកម្លាំងសមត្ថកិច្ចដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលក្នុងនោះរួមមាន «កងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨២៥​,​ កងកម្លាំងវរការពារព្រំដែនលេខ៥០១​,​ កងកម្លាំងអនុសេនាធំលេខ១​ និងកងកម្លាំងវរសេនាតូចលេខ១»

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជានិច្ច ដល់សុខទុក្ខរបស់កងកម្លាំងយោធា និងកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារព្រំដែន (សមរភូមិមុខ) និងសម្តែងការកោតសរសើរ រាល់ការពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយបានល្អប្រសើរ។ 

លោកបានលើកទឹកចិត្ត ដល់បងប្អូនកងកម្លាំងទាំងអស់ឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង និងមិនត្រូវធ្វើកិច្ចការងារណាមួយ ដែលធ្វើឱ្យរាំងស្ទះដល់កិច្ចដំណើរការបើកច្រកព្រំដែនមួយនេះ ទៅជាច្រកអន្តរជាតិនោះឡើយ។

លោកបានឱ្យដឹងថា ក្នុងមុខតំណែងជាអភិបាលគ្រប់គ្រង និងដឹកនាំខេត្ត បានរយៈពេលជិត ១ឆ្នាំមកនេះ លោកបានចុះសាកសួរសុខទុក្ខ និងនាំយកអំណាយទៅប្រគល់ ជូនបងប្អូនកងកម្លាំងយោធា និងកងកម្លាំងនគរបាល ដែលកំពុងឈរជើងការពារខ្សែបន្ទាប់ព្រំដែន បាន២លេីកហេីយ​ ខណៈ​កងកម្លាំងនៃកងពលតូចអន្តរាគមន៍លេខ១៤​ បានមួយលេីក​កាលពីម្សិលមិញ​។

លោកបានថ្លែងថា ដើម្បីធានាដល់ភាពរុងរឿង ថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយ ជាបុព្វហេតុដើម្បីធានា ឱ្យប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ទៅមុខ ដែលនេះគឺជាស្នាដៃ និងជាសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន ជឿនលឿនជាលំដាប់។

លោក ខូយ រីដា ក៏បានវាយតម្លៃខ្ពស់ដល់កងកម្លាំងទាំងអស់ ដែលមានទឹកចិត្តមោះមុខ ក្នុងការជួយទប់ទឹក​ និងអន្តរាគមន៍ជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ​ ក្នុងអំឡុងជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ​ ពិសេសក្នុងការការពារទឹកដី និងរាជរដ្ឋាភិបាលស្របច្បាប់ ប្រកបដោយភាពអង់អាចក្លាហាន។

អំណោយដែលត្រូវប្រគល់ជូនកងកម្លាំងជួរមុខ ចំនួន៤អង្គភាព ដោយក្នុងមួយអង្គភាពទទួលបាន អង្ករ, មី, ត្រីខ,​ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីប្រឡាក់ និងថវិកាតាមកំណត់អង្គភាពធំតូចផងដែរ៕