(ពោធិ៍សាត់)៖ គណបក្សសង្គ្រោះជាតិ (CNRP) ដឹកនាំដោយ លោក ប៉ុល ហំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីបន់ស្រន់ នៅរមណីយដ្ឋានឧកញ៉ាឃ្លាំងមឿង ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីបួងសួងឱ្យអ្នកនយោបាយចេះស្រុះស្រួលគ្នា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា «គោលបំណងនៃការបន់ស្រន់នេះ គឺដើម្បីអំពាវនាវឲ្យអ្នកនយោបាយទាំងអស់ ចូលរួមដោះស្រាយបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ពិសេសបញ្ហានយោបាយ ដែលយើងមិនស្រុះស្រួលគ្នា មិនត្រូវគ្នា ហើយយើងក៏សូមឲ្យឯកភាពជាតិ ឲ្យសាមគ្គីភាពដើម្បីរួមគ្នាដឹកនាំប្រទេសកម្ពុជាយើង»។
សូមជំរាបថា ពិធីបន់ស្រន់នេះ ក៏មានការចូលរួមពី លោក អេង ឆៃអ៊ាង លោក យ៉ាន់ សេងហ៊ន ប្រធានប្រតិបត្តិ CNRP ខេត្តពោធិ៍សាត់ លោក ឈុំ សុវណ្ណរិទ្ធ និងសមាជិកជាច្រើនរូប ផងដែរ៕