(ភ្នំពេញ)៖ លោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស បានបញ្ជាក់ឱ្យដឹងថា បានពាំនាំនូវការអញ្ជើញជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសរបស់ខ្លួន។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព អំឡុងរដ្ឋមន្រ្តីការបរទេសប្រេស៊ីលរូបនេះ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ លោកប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល៕