(ភ្នំពេញ)៖ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតស្វីស បានថ្លែងថា ប្រទេសស្វីសនឹងរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានាបាននូវអព្យាក្រឹត្យកាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃយុទ្ធសាស្ត្របញ្ចកោណ។
ការថ្លែងបែបនេះរបស់ឯកអគ្គរដ្ឋទូតស្វីស បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១០ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី បានជម្រាបឯកអគ្គរដ្ឋទូតស្វីស ថាក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើការស្តារគម្របព្រៃឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។
ឯកអគ្គរដ្ឋទូត បានគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែកគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបាននូវភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា៕