(បាត់ដំបង)៖ លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីថៅ និម្មល រួមទាំងក្រុមការងារសេនាសន្តិភាព នៅព្រឹកថ្ងៃអង្គារ៍ទី១០ ខែតុលាឆ្នាំ២០២៣នេះ បានប្រារព្ធពិធីកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណបុប្ផារាម ហៅវត្តថ្មគោល ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ ផ្គង់ព្រះសង្ឈគង់ចាំព្រះវស្សា និងប្រមែប្រមូលផល្លានិសង្ឈ ដែលកើតចេញពីសទ្ធាចិត្តជ្រះថ្លាលើកឧទ្ទិស ជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោកនាយជាដើម។

ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឈលោក យឿន យឿត និងភរិយា រួមទាំងក្រុមការងារ ក៏បាននាំបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឈ ដើម្បីកសាងនូវសមិទ្ធផលនានា ក្នុងវត្តជាកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានឋិតថេរចីរកាលគ្រប់៥០០០ព្រះវស្សាផងដែរ។

នៅក្នុងឱកាសនោះលោក យឿន យឿត បានលើកឡើងថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ  ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

យ៉ាងណាក៏ដោយលោក បានលើកឡើងថា ការដែលយើងមានឱកាសជួបជុំគ្នាធ្វើបុណ្យ ជាពិសេសបុណ្យកាន់បិណ្ឌនាពេលនេះ គឺដោយសារប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍផងដែរ៕