(ព្រៃវែង)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានចុះជួបប្រជាពលរដ្ឋ នៅស្រុកពាមរាំ ខេត្តព្រៃវៃង ពលរដ្ឋ១១០០នាក់។
កញ្ញា បានអះអាងថា ប្រជាពលរដ្ឋនៅទីនោះ បានលើកឡើងថា ពួកគេពេលនេះកំពុងរស់នៅក្នុងប្រទេសដែលមានសន្តិភាព ហើយចាត់ទុកថា របបដឹកនាំសព្វថ្ងៃនេះ មិនមែនតិរច្ឆានដូចរបបប៉ុលពត ឬដូចទៅនឹងការលើកឡើង របស់ លោក ហុង លីម តំណាងរាស្រ្តអូស្រ្តាលីដែលមានសញ្ជាតិខ្មែរនោះឡើយ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សមាជិកសភាប្រចាំរដ្ឋវិតូរៀ ប្រទេសអូស្រ្តាលី បានហៅរបបនៅក្នុងប្រទេសកម្ពុជាថាជារបបតិរច្ឆាន ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា សមាគមន៍មួយចំនួន រួមទាំងប្រជាពលរដ្ឋ។ ពួកគេនាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះសម្តីប្រមាថដល់កម្ពុជាដែលធ្វើឡើងដោយ លោក ហុង លីម នៅពេលនេះ។
កញ្ញា ធី សុវណ្ណថា ក៏បានរិះគន់ផងដែរដល់ លោកសម រង្ស៊ី និងលោក កឹម សុខា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ។ នាងបានអះអាងនៅលើ Facebook យ៉ាងដូច្នេះថា ប្រជាពលរដ្ឋថា លោកសម រង្ស៊ី និងលោក កឹម សុខា ទើបជាមនុស្សតិរច្ឆានដែលកំសាក រត់ចោលស្រុក និងតែងសុំបរទេសបិទទីផ្សារកម្ពុជា៕