(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសចក្តីប្រកាសដោយចង់ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដឹកនាំរាជរដ្ឋាភិបាល​ នៅប្រទេសកម្ពុជា។

តាមរយៈសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, គណបក្សខ្មែរតែមួយ បានលើកឡើងថា គណបក្សខ្មែរតែមួយ មានគោលនយោបាយស្រដៀងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា និងជាពិសេស «តម្លៃសន្តិភាព» គឺជាវត្ថុបំណងរួមរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការចូលរួមការពារសុខសន្តិភាពទាំងអស់គ្នា។

គណបក្សខ្មែរតែមួយ សូមអំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងមហាផ្ទៃ សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំងប៉ូលនយោបាយថ្មីមួយដើម្បីកម្ពុជា និងប្រជាពលរដ្ឋខ្មែរឆ្ពោះទៅអនាគត។