(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានស្នើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ VINCI Airports បន្តផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ពិសេសទីផ្សារបារាំង ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Emmanuel Menanteau នាយកតំបន់នៃក្រុមហ៊ុន VINCI Airports នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជាតាមផ្លូវអាកាស។

លោករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន សំដៅជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។

លោករដ្ឋមន្ត្រីបានបន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុន VINCI Airports ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាញបទពិសោធន៍ជាសាកលរបស់ VINCI Airports ក្នុងការពង្រឹងការតភ្ជាប់ជើងហោះហើរមកកម្ពុជាកាន់តែច្រើនថែមទៀត ស្របតាមទិសដៅយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ គឺបង្កើន៥ និងអភិវឌ្ឍន៍៣ (BUILD + 3Ds)។

លោក Emmanuel Menanteau បានគូសបញ្ជាក់ថា ទោះក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមហ៊ុន VINCI Airports នៅតែបន្តបេសកកម្មរបស់ខ្លួន និងបានសន្យាបន្តផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារបារាំង និងអឺរ៉ុបបន្ថែមទៀត។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោក Emmanuel Menanteau បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញភាពប្រកួតប្រជែងទេសចរណ៍ ចីរភាពទេសចរណ៍ និងបរិយាបន្នទេសចរណ៍សម្រាប់វិស័យទេសចរណ៍កម្ពុជា៕