(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក ស្រួល សុខជា ចុះទៅសួរសុខទុក្ខ និងប្រគល់ថវិកាមួយចំនួនដល់តារាសម្ដែង និងកំប្លែង អ្នកនាង សំ ប៉ូលីដា ដែលបានរងគ្រោះថ្នាក់បាក់ជើង និងរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ដែលកំពុងសម្រាលព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោក ស្រួល សុខជា បានថ្លែងផ្តាំផ្ញើនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម កម្ពុជា ចំពោះការរងនូវគ្រោះថ្នាក់នេះ ដែលធ្វើឲ្យសុខភាពអ្នកនាង សំ ប៉ូលីដា ចុះខ្សោយ ឈឺចុកចាប់ និងសូមជូនពរឲ្យឆាប់ជា ក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកនាង សំ ប៉ូលីដា ក៏បានសំដែងនូវក្តីរំភើបឥតឧបមា និងអរគុណជាខ្លាំង ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភថវិកា ចំនួនធំនេះ ដែលសម្រាប់ជួយសម្រាលទុក្ខលំបាក របស់អ្នកនាង បានច្រើនមែនទែន ខណៈអ្នកនាងមិនអាចទៅធ្វើការរស៊ីបានទេ ហើយកំពុងសម្រាលព្យាបាលជំងឺនៅផ្ទះនេះ អ្នកនាងត្រេកអររកអ្វីប្រៀបផ្ទឹមមិនបានឡើយ រាល់ការលំបាកតែងតែមានវត្ដមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គ្រប់ពេលវេលា ដូច្នេះសូមគោរពជូនពរដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ជួបជូនពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ចការងារ៕